ភ្នំពេញ ៖ មានការភ្ញាក់មួយបានកើតឡើង បន្ទាប់ពីមានករណីម្ចាស់រថយន្ដ និងអ្នកទិញរថយន្ដបានចរចាគ្នាទិញលក់រថយន្ដម៉ាកឡិចស៊ីស១គ្រឿង បន្ទាប់មកបានឈានទៅដល់ការបើកបរសាកល្បងនៅពេលទៅដល់កន្លែងស្ងាត់ មានឱកាស អ្នកទិញបានដកកាំភ្លើងខ្លីមកភ្ជង់គំរាមប្លន់យកឡានពីអ្នកលក់ជិះ គេចខ្លួន តែដោយសាមានការភ្ញាក់ផ្អើលប្ដឹងសមត្ថកិច្ចទាន់ពេលវេលា ទើបជនសង្ស័យយកឡានទៅប្លុងចោលនៅក្បែរវត្តជន្លង់ម្លូ រួចគេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងឡោមព័ទ្ធនៅម្ដុំចំណុចដែលទុកឡានចោលនោះ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចក្បែរវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ពេលនេះ លោកកំពុងឡោមព័ទ្ធក្រុមចោរប្លន់រថយន្តម៉ាកLexus ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-9925 ដែលក្រុមជនសង្ស័យបានយកមកទុកចោលនៅចំណុចក្បែរវត្តជន្លង់ម្លូនោះ។
លោក យឹម សារ៉ាន់ បានឲ្យដឹងថា មុនពេលកើតហេតុ រវាងជនរងគ្រោះ និងជនសង្ស័យបានយល់ព្រមទិញលក់រថយន្ដម៉ាកឡិចស៊ីសខាងលើ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នា ជនសង្ស័យបានសុំបើកបរសាកល្បង ដោយជនសង្ស័យជាអ្នកបើក ឯម្ចាស់រថយន្ដជិះនៅជាមួយគ្នានោះដែរ ដោយចាប់ផ្ដើមចេញដំណើរពីចំណុចផ្សារជម្ពូវន្ដ ទៅតាមផ្លូវទំនប់កប់ស្រូវ ទៅដល់ម្ដុំភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជនសង្ស័យដកកាំភ្លើងភ្ជង់គំរាមទៅលើជនរងគ្រោះ ហើយជនរងគ្រោះស្ទុះរត់ចុះចេញពីលើរថយន្ត និងបានទូរស័ព្ទប្ដឹងសមត្ថកិច្ចភ្លាមៗតែម្ដង។
ប្រភពបន្តថា បន្ទាប់ពីមានការភ្ញាក់ផ្អើលឆោឡោមិនអាចបើកគេចទៅណារួច ក៏យករថយន្ដទៅទុកចោលនៅក្បែរវត្តជន្លង់ម្លូ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេតាមរកឃើញនៅទីនោះ ហើយជនសង្ស័យបានចុះគេចខ្លួនបានស្រមោល ពេលនេះសមត្ថកិច្ចកំពុងឡោមព័ទ្ធនៅម្ដុំកន្លែងកើតហេតុ មិនដឹងថាជនសង្ស័យមានបក្ខពួកប៉ុន្មាននាក់ទេ ហើយក៏មិនដឹងថាទៅទីណាដែរ គឺសមត្ថកិច្ចកំពុងប្រតិបត្តិការនៅឡើយ៕