​ចាងហ្វាង​កាសែត​ម្នាក់ ជួប​គ្រោះ​ចរាចរណ៍​បាក់ជើង​‬

17-May-2016 | ដោយ មែន កំសត់

បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់​ដែល​គេ​បាន​ស្គាល់​យ៉ាងច្បាស់​ថា ជា​ចាងហ្វាង​កាសែត​សម្លេង​ចៅ​កំសត់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​សឹងតែ​បាត់បង់​ជីវិត​ទៅហើយ ខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ដើរ​យក​ព័ត៌មាន ក៏ត្រូវ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​មក​បុក​ពីក្រោយ បណ្ដាល​ឲ្យ​ជើងឆ្វេង​ម្ខាង​ត្រូវ​បាក់​ខ្ទេចខ្ទី​។​
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ទួល​ទិល ឃុំ​តា​គ្រី ស្រុក​កំរៀង ខេត្តបាត់ដំបង រវាង​រថយន្ត​សាំ​យ៉ុង​បុក​នឹង​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាក់ជើង​ម្ខាង​យ៉ាងដំណំ ព្រមទាំង​រងរបួស​ស្ទើរតែ​ផុត​ជីវិត​នៅនឹងកន្លែង​ទៅហើយ ចំណែក​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​
​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​សាំ​យ៉ុង​មិន​ស្គាល់​ស្លាក​លេខ នេះ បានធ្វើ​ដំណើរ​ច្រាសទិស​គ្នា​ជាមួយនឹង​ម៉ូតូ ហើយ​ត្រូវបាន​រថយន្ត​បង្ក​បុក​ចំ​ពីមុខ​តែម្តង​បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទេចខ្ទី ផ្នែក​ខាងមុខ ដោយឡែក​ម្ចាស់​ម៉ូតូ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ បាក់​ភ្លៅ​ចេញ​សាច់ និង​ឆ្អឹង​ជើង​មក​ទាំងសងខាង ដោយបាន​ដេក​សន្លប់​ស្តូកស្តឹង​, ចំណែក​រថយន្ត​បាន​បើក​លឿន​ទៅមុខ​មិន​ឈប់​ឡើយ​។​
​សាក្សី​ដដែល​បន្តថា ក្រោយពី​ប្រជាពលរដ្ឋ​ដែល​ឡើង​ពី​ចម្ការ​មក​ឃើញ ក៏បាន​ត្រួតពិនិត្យ​លើ​រាងកាយ​របស់​ជនរងគ្រោះ គឺមាន​ជាប់​នឹង​ខ្លួន​នូវ​កាត​វិ​ស៊ីត​សម្គាល់​ខ្លួន ដែល​បាន​បញ្ជាក់ថា ជនរងគ្រោះ ស្ថិតក្នុង​អង្គភាព​កាសែត​សម្លេង​ចៅ​កំសត់ និង​ត្រូវជា​ចាងហ្វាង​ការផ្សាយ​មាន ឈ្មោះ ម៉ឹង កំសត់ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ រស់នៅក្នុង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​ជនរងគ្រោះ​បាន​ប្រើប្រាស់​ម៉ូតូ​ម៉ាក​ស្មាស់​វ៉េវ ពាក់​ស្លាក​លេខ​1j.1318​។​
​បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​តា​ក្រី យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ជា​បណ្ដោះអាសន្ន រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​រថ​យន្ត​ដែល​បង្កហេតុ​

ចំនួនអ្នកទស្សនា

    20552617

  • ថ្ងៃនេះ9201
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88281
  • ខែនេះ110161
  • ឆ្នាំនេះ110161
  • សរុប20552617