រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈ LHR ២នាក់ត្រូវបានតំណាងក្រុមហ៊ុនចាប់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿង ចំណែក២នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេធ្វើសកម្មភាព លួចប្រេងរបស់ក្រុមហ៊ុនចំនួ៦.០០០លីត្រ យកទៅលក់បានលុយចែកគ្នា ដើរស៊ីចាយសប្បាយហ៊ឺហា កាលពីពេលកន្លងមក ហើយក៏ត្រូវចាប់ខ្លួន នៅវេលាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យខាងលើ ម្នាក់ឈ្មោះ ផាន់ សុខគឿន ភេទប្រុស អាយុ៤៣ឆ្នាំ បុគ្គលិក ក្រុមហ៊ុនប្រេងLHR ស្នាក់នៅ ក្រុមហ៊ុន ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិ៣ ឃុំរកាខ្នុរ ស្រុកក្រួចឆ្មា ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះ នុត ច័ន្ទធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំបុគ្គលិកក្រុមហ៊ុន LHR ស្នាក់នៅផ្ទះលេខM21 ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌឫស្សីកែវ ។ ដោយឡែកបក្ខពួក២នាក់ទៀត មិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់។ តាមបណ្តឹង របស់ក្រុមហ៊ុន ខាងលើនោះបានឲ្យដឹងថា ជនសង្ស័យ ចំនួន៤នាក់ ជាបុគ្គលិកដែល ក្រុមហ៊ុនប្រេងទុកចិត្តទុកថ្លើមខ្លាំងណាស់ ប៉ុន្តែពួកគេបានឃុបឃិតគ្នា ធ្វើសកម្មភាពលួចប្រេង រហូតដល់ទៅចំនួន៦.០០០លីត្រ។ ពួកគេបានយកប្រេងដែលលួចបាននោះ ទៅលក់បានលុយជាង២០លានរៀល បន្ទាប់មកបានយកទៅចែកគ្នា៤ចំណែក ប៉ុន្តែទង្វើអាក្រក់ពួកគេ មិនអាចលាក់បាំងបានរហូតនោះឡើយ ត្រូវក្រុមហ៊ុន ដឹងទាន់បែកការណ៍ក៏បានចាប់ឃាត់ខ្លួនបាន២នាក់ យកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោក ចំណែកបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ ។
ប្រភពដដែលបានឲ្យដឹងថា បុគ្គលិកទាំង៤នាក់នោះ គឺជាអ្នកបើកបររថយន្តដឹកប្រេងរបស់ក្រុមហ៊ុន ហើយកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៥ ខែឧសភា ពួកគេបានបើករថយន្តដឹកប្រេង ចេញពីខេត្តព្រះសីហនុ ចូលមកដាក់នៅក្នុងក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងភូមិកន្ទោក សង្កាត់កន្ទោក លុះពេលទៅដល់ត្រង់ចំណុច ផ្សារពេជ្រនិល ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឈប់រថយន្តរួចបានធ្វើ សកម្មភាពបូមប្រេងលក់អស់៦.០០០លីត្រ បានលុយ ២០លានរៀលចែកគ្នា ។
បន្ទាប់មកទើប បើករថយន្ត មកទុកក្នុងក្រុមហ៊ុន។ ដោយមានការសង្ស័យ រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែឧសភានេះ ក្រុមហ៊ុន នាំជនសង្ស័យខាងលើ ទៅធ្វើការត្រួតពិនិត្យមើលប្រេង ក្នុងស៊ីទែនរថយន្តទើបដឹងបាត់ប្រេងអស់ ៦.០០០លីត្រ ទើបជជីកដេញដោលសួរ ដោយពួកគេមិនអាចលាក់បាន ទើបពួកគេសារភាពការពិត ហើយក៏ឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕