អភិបាល ខេត្តមណ្ឌលគិរី​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ចោរលួច​ក្របី គោ នៅ​ស្រុក​កោះ​ញែក​

17-May-2016 | ដោយ មែន កំសត់


 
​មណ្ឌលគិរី ៖ ក្រុម​ចោរលួច កំពុង​សម្រុកចូល​លួច ក្របី គោ របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក​បង្ក​ឲ្យ​កើតមាន​ភាពវឹកវរ​ជាច្រើនលើក ច្រើនសារ ធ្វើ​ឲ្យ​កម្លាំង​អូសទាញ​របស់​អ្នកស្រុក​បាត់​ជាច្រើន​ក្បាល​ស្ទើរ​ពេញ ស្រុក​។ ករណីនេះ​ត្រូវបាន​អ្នកស្រុក អ្នកភូមិ សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។​ដោយឡែក​ខាង​ក្រុម​អាជ្ញាធរ​ស្រុក នេះ ហាក់បីដូចជា​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការជួយ​ទប់ស្កាត់ បញ្ហា​ដ៏​រសើប​នេះ​ឲ្យ​បាន​តឹងរ៉ឹង​នោះឡើយ​។​
​អ្នកស្រុក អ្នកភូមិ នៅ​ស្រុក​កោះ​ញែក​បាន​រាយការណ៍​ប្រាប់​ឲ្យ​ដឹងថា កាលពីមុនៗ ក្រុមចោរ​ជាច្រើន​បាន​ចូលមក​លួច ក្របី គោ នៅ​ស្រុក​កោះ​ញែក​ជាច្រើនលើក​ច្រើនសា ហើយក៏​ត្រូវបាន​កម្លាំង​នគរបាល​នៅ​ស្រុក​នោះ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សាទរ​យ៉ាងខ្លាំង​។ ប៉ុន្តែ​ជនសង្ស័យ ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ត្រូវបាន​ដោះលែង​វិញ មិនដឹងថា​អង្គភាព​មាន​សមត្ថកិច្ច​មួយណា​ឡើយនៃ​ខេត្តមណ្ឌលគិរី ជា​អ្នក​ដោះលែង ព្រោះ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ផុតដៃ​ពី​ស្រុក​ហើយ​។​

​ប្រជាពលរដ្ឋ​ឈ្មោះ​ទិច ជី​ង​, ឈ្មោះ​ក្រូច ក្រួច សាមួន ហៅ​ប្រុស រស់នៅ​ភូមិ​ជី​មាត ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​កន្លងមក គឺ​ចាប់ពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៦​នេះ រូបគាត់​ពីរ​នាក់​បងប្អូន​នេះ បាន​បាត់​ក្របី​ចំនួន​១៤​ក្បាល ហើយ​បាន​តាម​រកឃើញ​ក្របី​នោះ​ចំនួន​៤​ក្បាល​នៅ​កន្លែង​សត្តឃាត​មួយ កន្លែង​ក្នុង​ខេត្តរតនគិរី គឺ​គេ​កំពុង​រៀបចំ​សម្លាប់​។ ឃើញ​ដូច្នេះ​ពួកគាត់ ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​ស្រុក​កោះ​ញែក ធ្វើការ​រំដោះ​បាន​ក្របី​ចំនួន​៤​ក្បាល​ពី​ខេត្តរតនគិរី​នោះមក​វិញ​។ តែ​នៅ​បាត់​ក្របី​ចំនួន​១០​ក្បាល​ទៀត ត្រូវបាន​គេ​សង្ស័យថា ម្ចាស់​សត្តឃាត​សម្លាប់​យក​សាច់​។ ក្នុងករណីនេះ​ម្ចាស់​ក្របី​ទាំងពីរ​នាក់​ប្រាប់ថា ម្ចាស់​សត្តឃាត​នៅ​ខេត្តរតនគិរី​បាន​ប្រាប់ថា គាត់​ស្គាល់​អត្តសញ្ញាណ​ច្បាស់ អ្នកយក​ក្របី​មក​លក់​ឲ្យ​គាត់ តែ​ពេលនេះ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី មិនទាន់​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​នៅឡើយ​ទេ​។​

​ពួកគាត់​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន ដែល​បាន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​ប្រគល់​សំណង​ដល់​គាត់​នូវ​តម្លៃ​ក្របី​ចំនួន​១០​ក្បាល​ផង​។​
​លោកស្រី​អ៊ុច ច​ន្ធី ជំទប់​ទីមួយ​ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ បាន​លើកឡើងថា គាត់​សំណូមពរ និង​ស្នើ​ឲ្យ​ខាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​កោះ​ញែក​ជួយ​ចាត់ចែង​រឹត បន្តឹង​ខាង​អសន្តិសុខ​នៅ​ស្រុក​នេះ​ឲ្យ​បានល្អ​ប្រសើរ​ផង​ដើម្បី​ធ្វើ​ឲ្យ ប្រជាជនមាន​ភាពកក់ក្ដៅ​។​
​លោក​កាន់ ពេញ អធិការ ស្រុក​កោះ​ញែក​បាន​ប្រាប់ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​លួច​ក្របី​១៤​ក្បាល​នៅ​ស្រុក​កោះ​ញែក​នេះ សមត្ថកិច្ច​បានធ្វើការ​កំណត់​មុខសញ្ញា​ច្បាស់​ហើយ បន្តិចទៀតនេះ​សមត្ថកិច្ច​នឹង​ចាប់ខ្លួន ព្រោះ​ពេលនេះ​ជន ដែល​ជាប់​ពាក់ព័ន្ធ​នេះ​កំពុង​មើលថែ​ប្រពន្ធ​របស់ខ្លួន​វះកាត់​ជំងឺ​។ លោក​តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​រឿងនេះ​ហើយ​។​

​ឯកឧត្តម​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ​ថា លោក​កំពុងធ្វើការ​ជំរុញ​ឲ្យ​ខាង​មន្ត្រី​មាន​សមត្ថកិច្ច​ខេត្ត និង​ស្រុក​កោះ​ញែក ត្រូវតែ​ចាត់វិធានការ​លើ​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ស្រាវជ្រាវ​រក​ភស្តុតាង​ឲ្យ​បានជា​ក់លាក់​ឈានទៅរក​ការឃាត់ខ្លួន​ប្រគល់ ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
​ឯកឧត្តម​អភិបាលខេត្ត​បានស្នើ​ឲ្យ​ខាង​មន្ត្រី​សមត្ថកិច្ច​ខេត្ត ក្រុង ស្រុក ឃុំ ប៉ុស្តិ៍​នៅតាម​មូលដ្ឋាន​មេត្តាជួយ ទប់ស្កាត់​ឲ្យ​ខាងតែបាន​នូវ​អំពើ​ចោរលួច ប្លន់​ផ្សេងៗ ដែល​កើតឡើង​នៅ​តំបន់​របស់ខ្លួន ឈានទៅរក​ការលុបបំបាត់​រាល់​ករ​ណី​អសន្តិសុខ​នេះ ធានា​សន្តិសុខ​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាពសុខសាន្ត​៕

ចំនួនអ្នកទស្សនា

    20552597

  • ថ្ងៃនេះ9181
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88261
  • ខែនេះ110141
  • ឆ្នាំនេះ110141
  • សរុប20552597