ភ្នំពេញ ៖ ករណីប្លន់ប្រដាប់អាវុធហាក់បីដូចជាកក្រើកឡើងវិញហើយនៅរាជធានី ភ្នំពេញ ពិសេសបណ្ដាខណ្ឌមួយចំនួន ដែលនៅជាយក្រុងភ្នំពេញ ប៉ុន្តែគ្មានសមត្ថកិច្ចណាបង្ក្រាបបានឡើយ។
ជាក់ស្ដែងបុរស និងស្ត្រីម្នាក់ត្រូវបានក្រុមចោរបាញ់បណ្តាលឲ្យរបួសទាំង២នាក់ ហើយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព ខណៈពួកគេទាំង២នាក់កំពុងជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង២១និង៤៣នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៣ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីប្លន់ កើតឡើងបណ្តាលឲ្យមានអ្នករបួសពីរនាក់ ១. សេង ម៉េងហួរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង (អ្នកជិះជាមួយ) ២. ឈ្មោះលី យា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ(អ្នកបើកម៉ូតូ)។ សម្ភារៈបាត់បង់មានម៉ូតូ០១គ្រឿងម៉ាកឌ្រីមសង់០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ 1FV2190។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងគ្នាពីរនាក់ ចេញពីខាងស្ពានព្រែកតាមាក់ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនល្មើសគ្នាពីរនាក់ជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់អត់ចាំស្លាក់លេខ តាមមកកៀរជនរងគ្រោះ ក៏ត្រូវជនរងគ្រោះ កៀរទៅវិញ ទើបជនល្មើសបាញ់ពីរគ្រាប់បណ្តាលឲ្យជនរងគ្រោះត្រូវចំដៃទាំងពីរនាក់ ។ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារបានចុះទៅកាន់កន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញា។
បញ្ជាក់ៈ បើបងប្អូនណាបានប្រទះឃើញជនសង្ស័យដែលមានភិនភាគស្រដៀងដូចការ រៀបរាប់ខាងលើ សូមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នកបំផុត៕