ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយនឹងរថយន្តសេរីទំនើប១គ្រឿងទៀតម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចំរៀងល្បីមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។ ក្រោយពីបើកបុកស្លាប់បុរសម្នាក់ហើយ តារាចម្រៀងរូបនោះ បាននាំស្រីស្នេហ៍រត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើង នៅម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត ស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត។
ប្រជាពលរដ្ឋឃើញហេតុការណ៍បាននិយាយថា អ្នកបើករថយន្ត Range Rover ត្រូវបានគេស្គាល់ថា ជាតារាចំរៀងមួយរូប គឺលោកខេមនៅផលិតកម្មថោននិងរួមដំណើរដោយនារីស្រស់ស្អាតម្នាក់ទៀត បានចុះមកពីលើរថយន្តរួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕