ព្រះសីហនុ ៖កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខទំបន់រលក បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀនចំនួន បីនាក់។ ក្នុងប្រតិបត្តិការចុះបង្ក្រាប ករណីបទល្មើសគ្រឿងញៀននេះ បានធ្វើឡើងនៅចំណុច ក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុកាលពីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ។
មន្ត្រីការិយាល័យបទល្មើសគ្រឿងញៀនខេត្តបានឲ្យដឹងថាដោយគោរពតាម បទបញ្ជាររបស់លោកឧត្តមសេនីយ៍ហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុដែលបានដាក់ផែនការឲ្យកម្លាំងជំនាញបង្កើនការទប់ស្កាត់ និងធ្វើការបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀននោះ ភ្នាក់ងារសំងាត់បានតាមដានរហូតឈានទៅឆ្មក់ចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យតែម្តងជាមួយ និងវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ជាក់ស្តែងបានមួយចំនួនផងដែរ។
ប្រភពពីមន្ត្រីដដែលបានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននេះឈ្មោះ សាយ ចន្ទ្រាអាយុ ២៣ឆាំ្ន ជនជាតិខ្មែរមុខរបរបើកឡាន ទីលំនៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត,ឈ្មោះ អៀម រ៉ាវេតអាយុ២៧ឆាំ្នជនជាតិខ្មែរមុខរបរបើកឡានទីលំនៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,និងឈ្មោះ សុខ ឃាង ភេទប្រុស អាយុ១៨ឆាំ្ន ជនជាតិខ្មែរ មុខរបរព្រូឡាន ទីលំនៅ ភូមិត្រាច ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្នុងនោះវត្ថុតាងដែលរឹបអូសបានរួមមាន ម្ស៉ៅសថ្លាចំនួន១កញ្ចប់ធំ ទម្ងន់៨.២ក្រាម, ជញ្ជីងថ្លឹងចំនួនមួយទូរស័ព្ទដៃចំនួនបីគ្រឿង ម៉ូតូFino ពណ័ខ្មៅលាយសមួយគ្រឿងស្លាកលេខគ្មាន និងលុយខ្មែរ១៥ម៉ឺនរៀល។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់ រួមនិងវត្ថុតាងពាក់ព័ន្ធបទល្មើស កម្លាំងការិយាល័យជំនាញ អាវុធហត្ថខេត្តកំពុងចាត់ការបន្ត តាមនិតិវិធីច្បាប់៕