បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១៦ ឧសភា ២០១៦ ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីគ្រូពេទ្យ ហុក មានជំនាញស្ទើរម្នាក់បានព្យាបាល។ ស្ត្រីរងគ្រោះក់ឈ្មោះ សំ អ៊ីម ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិទំនប់.ក៥ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ឧសភា ជនរងគ្រោះឈ្មោះ សំ អ៊ីម ត្រូវជាម្តាយ មានអាការៈឈឺពោះ រាក ហើយក៏បានទៅហៅគ្រូពេទ្យ ហុក ដែលមានទីតាំងនៅខាងជើងនាគទិព្វ១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ឲ្យជួយព្យាបាល ។
លុះបន្ទាប់ពីលោកគ្រូពេទ្យ ហុក បានមកពិនិត្យអ្នកជំងឺដល់ផ្ទះជនរងគ្រោះហើយបានដាក់សេរ៉ូមអស់ចំនួន៥ ប្លោក និងចាក់ថ្នាំចំនួន២ម្ជុល នៅតែមិនធូរស្រាលបន្តិចឡើយ ។ លុះដល់ថ្ងៃទី១៦ឧសភាពីម្សិលមិញនេះ អាការៈអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើង ទើបគ្រូពេទ្យ ហុក បានប្រាប់សាច់ញាតិឲ្យបញ្ជូនជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យ កម្ពុជា-សូវៀត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែជាអកុសល្យជនរងគ្រោះមិនទាន់បានទៅដល់មន្ទីរពេទ្យមង្គលបុរីផង ក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវតែម្តង ។ លោកគ្រូពេទ្យ ហុក បានប្រាប់ឲ្យដឹងថា លោកជាគ្រូពេទ្យមធ្យម មិនអាចមានសិទ្ធិព្យាបាលជនរងគ្រោះបានឡើយ ។ លោកបន្តថា ចំពោះកន្លែងគ្លីនិករបស់លោកដែលបើកនេះមានច្បាប់ទម្លាប់ត្រឹមត្រូវ តែគ្រាន់ជាកន្លែងផ្តល់សេវាថែទាំដល់អ្នកជំងឺតែប៉ុណ្ណោះ ។
លោកគ្រូពេទ្យ ហុក បានបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះដែលស្លាប់នោះលោកបានណែនាំឲ្យទៅព្យាបាលនៅមណ្ឌលសុខភាព ដែរ តែអ្នកជំងឺគាត់មិនព្រមទៅ ហើយបានអង្វរសុំឲ្យគាត់ជាគ្រូពេទ្យជួយព្យាបាល ទើបរូបគាត់បានដាក់សេរ៉ូមអស់ចំនួន៣ប្លោក និងចាក់ថ្នាំចំនួន២ម្ជុលឲ្យជនរងគ្រោះដើម្បីជួយសម្រួលដល់ ការឈឺចាប់ ។ តែជនរងគ្រោះមានអាការៈនៅដដែល ទើបត្រូវឲ្យសាច់ញាតិបញ្ជូនទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យមង្គលបុរី ជាបន្តតែម្តង ។
បន្ទាប់មកទើបទទួលដំណឹងថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ លោកក៏មានការសោកស្តាយដែរ ។ ជុំវិញបញ្ហាទាំងអស់ខាងលើ លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងលោក លាង ឡេនីន ប្រធានប្រតិបត្តិនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងជាអ្នកទទួលបន្ទុកផ្នែកគ្លីនិកឯកជន បានប្រាប់តាមទូរសព្ទ័ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ឧសភានេះថា ចំពោះគ្រូពេទ្យទាំងឡាយណាដែលគ្មានជំនាញគ្រប់គ្រាន់ ថ្នាក់ត្រឹមគ្រូពេទ្យធម្យម ដែលមិនមែនជាវេជ្ជបណ្ឌិតនោះ គឺមិនអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការព្យាបាលដល់អ្នកជំងឺបានជា ដាច់ខាត ។ លោកប្រធានបញ្ជាក់ថា ប្រសិនបើមានរឿងបែបនេះកើតឡើងពិតមែន លោកនឹងចាត់គណៈកម្មការអធិការកិច្ចជំនាញផ្នែកសុខាភិបាលឲ្យចុះទៅ ស្រាវជ្រាវ និងត្រួតពិនិត្យចំពោះករណីនេះ ។ ចំពោះគ្លីនិកឯកជនណាមួយដែលពាក់ព័ន្ធនឹងគ្មានច្បាប់ទម្លាប់ ត្រឹមត្រូវ ឬក៏បុគ្គលជាគ្រូពេទ្យណាម្នាក់ដែលគ្មានជំនាញច្បាល់លាស់ ហើយហ៊ានប្រព្រឹត្តល្មើសច្បាប់ ខុសនឹងវិជ្ជាជីវៈរបស់ខ្លួន នៅពេលដែលខាងជំនាញចុះស្រាវជ្រាវរកឃើញពីកំហុសឆ្គងនោះ នឹងត្រូវបិទគ្លីនិកនោះចោល មិនអនុញ្ញាតឲ្យបើកទ្វារបន្តធ្វើអាជីវកម្មទៀតបានឡើយ ហើយម្ចាស់គ្លីនិកនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង៕