កំពង់ស្ពឺ ៖ នៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែងជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយពេលនេះសមត្ថកិច្ចក៏បានសម្រេចវាយរបងរោងចក្រដើម្បី អន្តរាគមន៍។
សេចក្ដីរាយការណ៍ឲ្យដឹងថា រហូតមកដល់ម៉ោង១២និង១៧នាទីនេះ អគ្គិភ័យបានគ្របដណ្ដប់រោងចក្រនោះទាំងស្រុងទៅហើយ ហើយរថយន្តពន្លត់អគ្គិភ័យសម្រាប់ខេត្តកំពង់ស្ពឺក្នុងការជួយ អន្តរាគមន៍នោះ មានតែ១គ្រឿងប៉ុណ្ណោះ។ តែក៏មានរថយន្តតូចៗផ្សេងទៀតមកជួយអន្តរាគមន៍ផងដែរ។ ទោះយ៉ាងនេះក្ដីក៏មិនអាចទប់ស្កាត់បានដែរ ពោលគឺរោងចក្រនេះអាចនឹងត្រូវឆេះទាំងស្រុងតែម្ដង។
សេចក្ដីរាយការណ៍បន្តថា សំខាន់ជាងនេះទៅទៀត ស្ថានីយប្រេងឥន្ធនៈ១កន្លែង ដែលនៅចម្ងាយប្រមាណជា៣០០ម៉ែត្រពីកន្លែងកើតហេតុ កំពុងតែមានការព្រួយបារម្ភ ហើយម្ចាស់ស្ថានីយក៏បានបង្ហូរទឹកដើម្បីទប់ស្កាត់ការឆាបឆេះនេះ ផងដែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា នៅវេលាម៉ោង១២និង២០នាទីរសៀលនេះ កម្លាំងសមត្ថកិច្ចនៃយោធភូមិទី៣ និងអាវុធហត្ថបានទម្លុះរបងរោងចក្រដើម្បីរកផ្លូវឲ្យរថយន្តចូលបាញ់ ទឹក។ ទន្ទឹមនឹងនោះដែរ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យរបស់ខេត្តកណ្ដាលបានមកដល់១គ្រឿង ហើយដើម្បីជួយអន្តរាគមន៍។
សេចក្ដីរាយការណ៍បានបន្ថែមថា នៅវេលាម៉ោង១និង៥នាទីរសៀលថ្ងៃដដែលនេះ អគ្គិភ័យបានលេបត្របាក់រោងចក្រអស់ពាក់កណ្ដាលហើយ ហើយរថយន្តពន្លត់អគ្គិភ័យមកពីភ្នំពេញ៤គ្រឿង(ធំ២ តូច២) ចុះមកជួយអន្តរាគមន៍បន្ថែម។
លោកចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺបានបញ្ជាក់នៅមុននេះបន្តិចថា រោងចក្រខាងលើមានឈ្មោះញូបេស ដែលមានកម្មករប្រមាណ៦០០នាក់កំពុងធ្វើការ។ ប៉ុន្តែនៅក្នុងពេលឆេះនោះកម្មករខ្លះទៅហូបបាយ និងខ្លះទៀតនៅខាងក្នុងរោងចក្រ នាំគ្នារត់ចេញទៅក្រៅអស់។ ដូច្នេះករណីនេះពុំមានកម្មករណាម្នាក់រងរបួសនោះឡើយ។
លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅកន្លែងកើតហេតុថា ករណីខាងលើនេះ ដោយសារកម្មករផ្សារដែកនៅលើដំបូល ហើយធ្លាក់កម្ទេចភ្លើងមកលើកម្ទេចក្រណាត់ជាផលិតសម្រេច៕