ឆ្លងទន្លេ​កូន​ដំបូង​បាន​២៨​ថ្ងៃ​គាំងបេះដូង​ស្លាប់ចោល​កូន​

18-May-2016 | ដោយ មែន កំសត់


​ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរឱ្យ​អាណិតអាសូរ​ណាស់ បន្ទាប់ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ឈន់ គ​ន្ធា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្មោ​រ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ទើបតែ​ឆ្លងទន្លេ​កូន​ដំបូង​បាន​២៨​ថ្ងៃ ក៏​ជួប​អកុសល​គាំងបេះដូង​ស្លាប់ចោល​កូនង៉ែត​ឱ្យ​កណ្តោចកណ្តែង ដោយ​ត្រូវ​បុរស​ជា​ឪពុក​ខំធ្វើការ​រកលុយ ដើម្បី​ទិញ​ទឹកដោះគោ​ឱ្យ​កូនបៅ ។​

​លោក​ទួន សំអាត ជា​មេភូមិ​ត្រពាំង​ស្នោរ​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៨ ឧសភា​ថា ស្ត្រី​ឈ្មោះ​គ​ន្ធា បាន​រៀបការ​ជាមួយ​បុរស  ឈ្មោះ​ស៊ា​ង សុវណ្ណ អាយុ​៣១​ឆ្នាំ កាលពី​ឆ្នាំ​២០១៥ ដោយ​ប្តី​បាន​ទៅ​ប្រកបរ​របរ​ធ្វើ​ជាងសំណង់ ដើម្បី​បាន​ថវិកា​មក​ផ្គត់ផ្គង់​ក្រុមគ្រួសារ បាន​១​ថ្ងៃ​រស់​១​ថ្ងៃ គឺ​រស់នៅ​ជាមួយ​ឪពុកម្តាយ​តែប៉ុណ្ណោះ ។​

​លោក​បន្តថា ក្នុងពេល​ស្ត្រី​រងគ្រោះ​មាន​ផ្ទៃពោះ​គ្រប់​ខែ ក៏​បានមក​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ព្រមទាំង​មាន​ជំងឺ​បេះដូង​ទៀត ដោយ​គ្រូពេទ្យ​បានធ្វើការ​វះកាត់​យក​ទា​រក​តូច​ចេញ​ដោយ​សុវត្ថិភាព ។  ក្រោយពី​ចាកចេញ​ត្រឡប់ទៅផ្ទះ​វិញ ស្ត្រី​រងគ្រោះ​ដេក​ចេះ​ថប់ដង្ហើម ក៏ត្រូវ​គ្រូពេទ្យ​ប្រាប់​ឱ្យទៅ​សម្រាក​នៅ​ពេទ្យ​ម្តងទៀត ដើម្បី​តាមដាន​ជំងឺ​បេះដូង តែដោយសារ​ក្រីក្រ​គ្មាន​លុយ  ចេះតែ​ដេក​នៅលើផ្ទះ​ទៅ ។​

​លុះ​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​យប់​ថ្ងៃទី​២២ មេសា ២០១៦ ស្ត្រី​រងគ្រោះ​បាន​ស្លាប់ចោល​កូន​ដែល​ទើប​តែមាន​អាយុ​២៨​ថ្ងៃ​ប៉ុណ្ណោះ ។  ក្រោយពី​ដឹង​ហេតុ​ការ​ណ៏​នេះ រូបលោក​បាន​សរសេរ​លិខិត​មួយច្បាប់​បញ្ជូនទៅ​លោក​កេង ប៊ុណ្ណា  អភិបាលស្រុក​ត្បូងឃ្មុំ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ជួយ​ដល់​គ្រួសារ​ខាងលើ ។​

​ជាការ​ឆ្លើយតប​នោះ នៅ​ថ្ងៃទី​១៣ ឧសភា ២០១៦ លោក កេង ប៊ុណ្ណា​ អភិបាលស្រុក ក៏បាន​នាំយក​ថវិកា​ចំនួន​២០០​ដុល្លារ មក​ឧបត្ថម្ភ​ដល់​បុរស​ជា​ឪពុក​ទារក​តូច​នោះ សំរាប់​ទិញ​ទឹកដោះគោ​ឱ្យ​កូនបៅ ។ ជាមួយ​នោះ លោក​អភិបាលស្រុក បាន​ណែនាំ​ដល់​ឪពុក​របស់​ទារក ត្រូវតែ​ប្រឹងប្រែង​ធ្វើយ៉ាងណា ចិញ្ចឹម​កូន​ឱ្យបាន​រស់​ធំធាត់ និង​មាន​សុខភាព​ល្អ​ផង ។​
​លោក​ទួន សំអាត មេភូមិ​ត្រពាំង​ស្នោរ​ក៏បាន​បញ្ជាក់ទៀតថា គ្រូពេទ្យ​ធ្លាប់​ប្រាប់​ស្ត្រី​រងគ្រោះ​ឱ្យទៅ​ព្យាបាល​ជំងឺ​បេះដូង​នេះ នៅ​រាជធានី​ភ្នំពេញ​ដែរ  តែដោយសារ​ជីវភាព​ក្រីក្រ គ្មាន​លុយ​នោះ ទើប​ស្ត្រី​ឈ្មោះ​ឈន់ គ​ន្ធា មិន​ព្រមទៅ សុខចិត្ត​សំងំ​នៅផ្ទះ រហូតដល់​ដល់​ជំងឺ​បាន​យាយី​លើ​រាងកាយ​រហូតដល់​ស្លាប់​ចោល​កូន និង​ប្តី ។  បច្ចុប្បន្ន ឪពុក​របស់​ទារក​នោះបាន​ប្រឹង​ធ្វើការ​សំណង់​យកប្រាក់​មក​ទិញ​ទឹកដោះគោ​ឱ្យ កូនបៅ ហើយ​ការថែទាំ​ទារក​តូច​នេះ ត្រូវបាន​រ៉ាប់រង​ដោយ​ជីដូន​ផ្ទាល់​តែម្តង ៕

ចំនួនអ្នកទស្សនា

    20553607

  • ថ្ងៃនេះ10191
  • ម្សិលមិញ20231
  • សប្តាហ៍នេះ89271
  • ខែនេះ111151
  • ឆ្នាំនេះ111151
  • សរុប20553607