រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកដែកគ្រឿងសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចោរចូលលួចដឹកចេញ អស់មួយចំនួនធំ ដែលគិតជាប្រាក់ចំនួនជាង១ម៉ឺនដុល្លារ ហេតុការណ៍លួចនោះគឺនៅពេលយប់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ បន្ទាប់មកតំណាងក្រុមហ៊ុន លក់ដែកខាងលើ បានឃាត់ខ្លួនប្អូនប្រុសបង្កើត របស់សន្តិសុខម្នាក់ ដែលយាមជំនួសបងនាយប់នោះផងដែរ រួចបាននាំខ្លួនទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរ និងស្រាវជ្រាវរកក្រុមចោរលួច កាលពីវេលាល្ងាចថ្ងៃដដែលនោះ ។
ព្រមទាំងនាំប្អូនប្រុស និងឃាត់ខ្លួនបងរបស់គេជាមួយសន្តិសុខម្នាក់ទៀត ដែលទទួលខុសត្រូវ ក្នុងការយាមកាមឃ្លាំងនោះទៀត។ ក្មេងប្រុសជំទង់ម្នាក់ដែលដែលយាមជំនួសបង និងត្រូវឃាត់ខ្លួនប្រគល់ឲ្យនគរបាលនោះឈ្មោះ កិ រ៉ា អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកសន្តិសុខដែលត្រូវជាបង និងជនសង្ស័យម្នាក់ទៀត ដែលជាសន្តិសុខដែរនោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។ តាមប្រភពពីមេការឃ្លាំងម្នាក់បានឱ្យដឹងថា នៅក្នុងឃ្លាំងនោះមានសន្តិសុខ២នាក់យាមផ្លាស់ប្ដូរវេនគ្នា រាល់ថ្ងៃ ដោយឡែកនៅថ្ងៃទី១៧ ខែឧសភា សន្តិសុខម្នាក់បានឲ្យប្អូនរបស់ខ្លួនឈ្មោះ កិ រ៉ា យាមជំនួន ដោយមិនដឹងថាគេជាប់រវល់ទៅណានោះឡើយ ហើយក៏មិនមាននរណាម្នាក់បានដឹងថា មានរឿងអ្វីកើតឡើងឡើយ។
លុះដល់ព្រឹកថ្ងៃកើតហេតុស្រាប់តែឃើញសោឃ្លាំងរបើក ខុសប្លែកពីធម្មតា គាត់បានទៅពិនិត្យមើល បានដឹងថាដែកនៅក្នុងឃ្លាំងនោះ មាន៥ប្រភេទបានបាត់អស់មួយចំនួនធំ គិតជាប្រាក់ចំនួន១ម៉ឺនដុល្លារ ទើបមានការភ្ញាក់ផ្អើល ។ ហើយឃាត់ខ្លួនអ្នកយាមជំនួសសន្តិសុខនោះទៅធ្វើការសាកសួរ គេបានឆ្លើយថា មិនដឹងទើបនាំទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរ និងស្រាវជ្រាវរកក្រុមចោរដែលលួច។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួនសន្តិសុខ ដើម្បីសួរនាំព្រោះមានការសង្ស័យថា ពួកគេជាអ្នកឃុបឃិតគ្នាជាមួយអ្នកក្រៅក្នុងការលួចដែកនៅក្នុង ឃ្លាំងនេះ៕