ពោធិ៍សាត់ ៖ រយៈពេលមួយល្ងាចខុសគ្នាតែ២ម៉ោងកន្លះសោះ មានគ្រោះធម្មជាតិ រន្ទះបាញ់រហូតដល់ពីរករណីនៅស្រុកពីរផ្សេងគ្នា បណ្ដាលឲ្យមនុស្សស្លាប់ពីរនាក់ និងរបួសធ្ងន់ស្រាលចំនួន៥នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ដោយនៅស្រុកភ្នំក្រវាញមួយករណី និងនៅស្រុកបាកានមួយករណី។
លោកវង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ពាំនាំនូវខ្យល់ផ្គរ រន្ទះ យ៉ាងខ្លាំង ពេលនោះគ្រួសាររងគ្រោះបាននាំគ្នាចុះមកក្រោមផ្ទះ ដែលមានគ្នា៦នាក់។
លោកអធិការបន្តថា ៖ បន្ទាប់ពីនាំគ្នា នៅក្រោមផ្ទះជុំគ្នាទាំង៦នាក់ដើម្បីជ្រកភ្លៀងកំពុងតែធ្លាក់ ខ្លាំងនោះ ស្រាប់តែរន្ទះក៏បានបាញ់មកលើពួកគេទាំង៦ បណ្ដាលឲ្យត្រូវក្មេងស្រីម្នាក់ឈ្មោះ សៀង គឹមសិទ្ធិ អាយុ១៣ឆ្នាំ ស្លាប់ភ្លាមនឹងកន្លែង។ ចំណែកឪពុកបង្កើតរបស់ក្មេងស្រីនោះឈ្មោះ ចៃ សឿង អាយុ៦៧ឆ្នាំ រងរបួសធ្ងន់ធ្ងរ ព្រមទាំងឆ្កែនិងមាន់ពីរក្បាល ត្រូវបានរន្ទះបាញ់ងាប់ជាមួយគ្នានោះដែរ។ ដោយឡែកមនុស្សបួននាក់ទៀត ត្រូវជាក្មួយៗជនរងគ្រោះ គ្រាន់តែរបួសស្រាលៗប៉ុណ្ណោះ។ ក្រោយគ្រោះថ្នាក់នេះភ្លាម សមត្ថកិច្ចនិងអាជ្ញាធរបានដឹកអ្នករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ផងដែរ។
នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ក៏មានគ្រោះធម្មជាតិមួយករណីទៀតបានកើតឡើង ដោយគ្រាន់តែខុសគ្នារយៈពេល២ម៉ោងកន្លះប៉ុណ្ណោះ គឺនៅវេលាម៉ោង៥ល្ងាច, ពេលមេឃកំពុងធ្លាក់ភ្លៀង បុរសម្នាក់ឈ្មោះពុធ សឹង អាយុ៦៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកបាកានខេត្តពោធិ៍សាត់ បានចេញពីផ្ទះ ដើរទៅកើបអាចម៍គោ ក្នុងរោងគោយកមកទុកដាក់ កុំឲ្យភ្លៀងទទឹក។ ពេលកំពុងប្រមូលកើបអាចម៍គោ រន្ទះក៏បាន បាញ់គាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ជាមួយនឹងករណីគ្រោះថ្នាក់ធម្មជាតិដ៏កាចសាហាវនេះដែរ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូម មេត្តា ប្រុងប្រយ័ត្នលើគ្រោះធម្មជាតិនេះផង ពេលមេឃធ្លាក់ភ្លៀងមិនត្រូវនាំគ្នាចេញពីក្នុងផ្ទះទេ ត្រូវតែទុកឧបករណ៍ ដែលមានជាតិដែកឆ្លងចរន្តរន្ទះ និងអំពូល ទូរទស្សន៍ជាដើម ព្រោះវាកាចសាហាវខ្លាំងណាស់៕