ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានបាននាំកូនស្រីរបស់ខ្លួនទៅកាន់មូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ដើម្បីដាក់ពាក្យបណ្តឹងទាមទាររកយុត្តិធម៌ ដោយចោទប្រកាន់បុរសម្នាក់ថាជាព្រានអប្រិយបានលួងលោមយកព្រហ្មចារី យ៍កូនស្រីគាត់រហូតមានផ្ទៃ៣ខែហើយសន្យាថានឹងរៀបការជាមួយគ្នា តែបែរលួចទៅរៀបការជាមួយស្រីថ្មីទៅវិញ ។
ស្ត្រីរូបនោះបានឲ្យដឹងថា គាត់ឈ្មោះ យឿន លីណា អាយុ៣៩ឆ្នាំ មានទីលំនៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កូនស្រីរបស់គាត់ឈ្មោះ សាន ដាណែត អាយុ២៣ឆ្នាំ មុខរបរបើកហាងសំអាងការ យីហោដាណែតសំអាងការ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ចំណែកប្រុសដែលបោកប្រាស់ព្រហ្មចារីយ៍កូនស្រីគាត់ឈ្មោះ យ៉ាំ ធូឈីង អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែងនៅក្រុងប៉ោយប៉ែត ។
ស្ត្រីខាងលើបន្តថា មុនបុរសនោះទៅរៀបការជាមួយស្រីថ្មី បុរសរូបនោះបាននាំកូនស្រីគាត់ទៅជួបអាជ្ញាធរឃុំម៉ាឡៃដើម្បីដាក់ ពាក្យសុំរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា តែដោយសារបុរសនោះមិនទាន់បានបញ្ជាក់ពីភាពនៅលីវ ទើបអាជ្ញាធរមិនទាន់ឯកភាព ។ ម្យ៉ាងទៀតមុនទៅរៀបការជាមួយស្រីថ្មី បុរសជាព្រានអប្រិយរូបនោះក៏បាននាំកូនស្រីគាត់ទៅថតស្លៀកពាក់ឈុត អាពាហ៍ពិពាហ៍សម្រាប់ដាក់តាំងមុខរោងការ មិនតែប៉ុណ្ណោះថែមទាំងនាំនាងទៅពិនិត្យផ្ទៃពោះដឹងថាមានផ្ទៃ៣ខែ មានទាំងសំបុត្រចេញពីគ្លីនិកទៀតផង ។
អ្វីដែលស្ត្រីខាងលើកាន់តែខឹង និងហួសចិត្តថែមទៀតនោះ គឺក្នុងអំឡុងពេលដែលបុរសនោះរៀបការជាមួយស្រីផ្សេងម្នាក់ទៀតនៅ ក្រុងសិរីសោភ័ណ ចូលរោងការថ្ងៃទី១១ ស៊ីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ បុរសរូបនោះបានឲ្យគាត់ចាត់ចែងរត់ការជួលភ្នួង និងការងារផ្សេងៗ ធ្វើឲ្យគាត់វ័នកព្រោះកក់ប្រាក់គេគ្រប់ផ្នែកទៅហើយ ។
ស្ត្រីខាងលើបញ្ជាក់ថា ក្នុងពិធីមង្គលការរបស់បុរសខាងលើជាមួយស្រីថ្មីនោះ គាត់ និងកូនស្រីដឹងក៏បាននាំគ្នាទៅដល់មុខរោងការដែរ តែមិនបានរំខានពិធីគេទេ ដោយសារខាងប្រុសនោះបានសុំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ចាំគេជួបដោះស្រាយតាមក្រោយ ។ ស្ត្រីខាងលើបន្តថា ដោយសារតាំងពីក្រោយមង្គលការមកទល់ពេលនេះបុរសនោះនៅមិនឃើញចេញមុខ មកដោះស្រាយ ទើបគាត់កើតទុក្ខមិនសុខចិត្ត នាំកូនស្រីមកដាក់ពាក្យបណ្តឹងដើម្បីទាមទាររកយុត្តិធម៌តែម្តង ។
យ៉ាងណាក៏ដោយករណីនេះគេមិនទាន់ដឹងថាភាគីដើមបណ្តឹងនឹងទទួលបាន លទ្ធផលយ៉ាងណានៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងទទួលពាក្យបណ្តឹងនៅឡើយ ។ជុំវិញករណីចោទប្រកាន់ខាងលើ បុរសជាប់ចោទឈ្មោះ យ៉ាំ ធូឈីង មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់គាត់លេខ 070 333 141 ដែលស្ត្រីខាងលើអះអាងថាធ្លាប់ទាក់ទងនាពេលកន្លងមកនោះចុចមិនចូល ឡើយ ៕