បាត់ដំបង ៖ ផ្ទះលក់ចាប់ហ៊ួយ និងប្រេងឥន្ធនៈមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីបុរស ដែលជាម្ចាស់ផ្ទះបានបូមសាំងច្រកដប ហើយបានភ្លាត់ស្នៀត ធ្វើឲ្យកំពប់ទៅលើដីដែលនៅក្បែរនោះ មានភ្លើងចង្ក្រានផង ទើបធ្វើឲ្យមានការឆាបឆេះនេះឡើង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៦ ត្រង់ចំណុចអណ្ដូងកន្ទួត ស្ថិតក្នុងភូមិគោរកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានអគ្គីភ័យមួយបានកើតឡើង ទៅលើលំនៅឋានមួយខ្នង ដែលមានទំហំ ៩គុណនឹង១២ ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសី រីឯម្ចាស់មានឈ្មោះ ទឹម បូក ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺម្ចាស់ផ្ទះបានអង្គុយបូមសាំងច្រកចូល ទៅក្នុងដបដោយមិនបានគិតថា នៅក្បែរនោះមានភ្លើងចង្ក្រានឡើយ ហើយនៅពេលនោះដែរក៏ស្រាប់តែសាំងដែលម្ចាស់កំពុងបូមនោះបានកំពប់ ទៅក្បែរភ្លើង ទើបធ្វើឲ្យភ្លើងបានឆាបឆេះឡើងភ្លាម ព្រមទាំងបានរាលដាលដល់តួផ្ទះតែម្តង។
នៅពេលនោះដែរគេសង្កេតឃើញថា បុរសដែលជាម្ចាស់ផ្ទះបានរងរបួសដោយសារភ្លើងរលាកពេញមួយចំហៀងខ្លួន ឯលំនៅឋានក៏ត្រូវឆេះខ្ទេចខ្ទី ព្រមទាំងបានបំផ្លាញនូវទ្រព្យសម្បត្តិមួយចំនួនដូចជា អង្ករ៣ការុង ធុងទឹកធំ១ ប្រេងម៉ាស៊ូត២ប៊ីដុងកន្លះសាំងចំនួន២ប៊ីដុង បារី២ប៉ិចកន្លះ ឥវ៉ាន់ចាប់ហួយនិងសម្ភារៈមួយចំនួនធំទៀត។
សម្ភារៈដែលខូចខាតបើសរុបជាទឹកប្រាក់អស់ចំនួន ២០០០ដុល្លារ ម្ចាស់ផ្ទះដែលរងរបួសដោយភ្លើងឆេះកំពុងសម្រាកព្យាបាលនៅនឹងផ្ទះ របស់ខ្លួន រង់ចាំអោយតុលាការជាអ្នកសម្រេចតាមក្រោយ៕