បាត់ដំបង ៖ មនុស្សចំនួន៥នាក់ ក្នុងនោះមានឪពុក ម្ដាយ កូន និងជីតា បានពុលក្អួតចង្អោរពេញផ្ទះ ព្រមទាំងបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈដែលពួកគេ បាននាំគ្នាបរិភោគផ្សិតស្ងោរជាមួយបាយ ដោយនឹកស្មានថាជាផ្សិតចំបើង។
យោងតាមរបាយការណ៍របស់លោកអធិការរង កំ គន បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១ថ្ងៃត្រង់ ចំណុចភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង រហូតដល់មានការភ្ញាក់ផ្អើល ទាំងប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ច បាននាំគ្នាដឹកបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ ដោយសារតែមានករណីពុលផ្សិតនេះ។
ក្នុងនោះផងដែរ ជនរងគ្រោះបាននិយាយថា ខ្លួនបានឃើញផ្សិតទាំងនេះដុះនៅក្នុងពំនូកចំបើងក្រោយផ្ទះ ដោយគិតស្មានថាជាផ្សិតចំបើង ទើបគេបានដកយកមកស្ងោរធ្វើជាម្ហូបដើម្បីហូបបាយជុំគ្នា។ ប៉ុន្តែខណៈដែលពួកគេកំពុងតែទទួលទាននោះ ក៏ស្រាប់តែមានអាការៈវិលមុខ ធីងធោង រួចក៏បានក្អួតចង្អោរ ពេញផ្ទះទាំងក្មេងទាំងចាស់ ទើបបានអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចព្រមទាំងបាននាំយករថយន្តមក ដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ដែលជនរងគ្រោះទាំងអស់មាន ១.ឈ្មោះហៃ រី ភេទស្រី អាយុ៣១ឆ្នាំ ២.ឈ្មោះសោម ធា ភេទប្រុស អាយុ៦៣ឆ្នាំ ៣.ឈ្មោះអាន សំអាត ភេទប្រុស អាយុ៣៣ឆ្នាំ ៤.ឈ្មោះអាន ណារ៉ុង ភេទប្រុស អាយុ៧ឆ្នាំ និង៥.ឈ្មោះអាន រតនៈ ភេទប្រុស អាយុ៣ឆ្នាំ។
ក្រោយពេលសមត្ថកិច្ចបញ្ជូនជនរងគ្រោះទាំង៥នាក់ទៅកាន់មន្ទីរពេទ្យ ព្រមទាំងបានត្រួតពិនិត្យទៅលើផ្សិតដែលនៅសល់រួចមក ទើបគេបានអះអាងថា ផ្សិតនេះគឺជាផ្សិតដ៏ចម្លែក ហើយក៏មិនមែនជាផ្សិតចំបើង ដូចដែលជនរងគ្រោះគិតស្មាននោះទេ៕