ពោធិ៍សាត់ ៖ កម្លាំងចម្រុះរួមមាន ក្រុមអន្តរាគមន៍បង្ក្រាបការជួញដូរសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានសហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើក្រគរ អាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្ត អង្គការវ៉ាយអេត និង ដោយមានការចូលរួមពីអាជ្ញាអរមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នាវេលាម៉ោង ១២ និង ២៥នាទី ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃ នៅចំណុចភោជនីយដ្ឋាន ម្លប់ស្បូវត្រជាក់ចិត្តស្រីឡូត លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ ពីភ្នាក់ងារ នៅទីតាំងកើតហេតុ បានឲ្យដឹងថា សាច់សត្វព្រៃដែលរកឃើញ និង ដកហូតបានរួមមាន ៖ ជ្រូកព្រៃ ៧៧,៥គីឡូក្រាម, ឈ្លូស គីឡូក្រាម, ឆ្មាដាវ ១ក្បាល ស្មើនឹង ១គីឡូក្រាម, ត្រកួត ៧គីឡូក្រាម, កាំប្រម៉ា ៥គីឡូក្រាម, អន្សង ៥គីឡូក្រាម, ទន្សាយ ២២ក្បាល ស្មើនឹង ២៧គីឡូក្រាម, ជើងទន្សាយក្រៀម ៤២ជើង, ពស់សង់សឿ ១,៥ គីឡូក្រាម សរុប ២២៦គីឡូក្រាម ។
វត្ថុតាងសាច់សត្វព្រៃសរុបទាំង ២២៦គីឡូក្រាម នឹងយកទៅកំទេច ឬកប់ចោល នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ។ ជាមួយគ្នានេះ សមត្ថកិច្ចចំរុះកំពុងស្រាវរកអ្នកពាក់ព័ន្ធបទល្មើសនេះ ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ផងដែរ ៕