ព្រះសីហនុ ៖សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសស្រីប្រុសពីរនាក់ ដែលបានលួចលុយនិងលិខិតឆ្លងដែន ពីជនបរទេសដូចគ្នានៅឯខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ហើយបានធ្វើដំណើរចូលមកខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់នគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះ CHRISTOPHER BLACK ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិអង់គ្លេស រួចមកកម្លាំងនគរបាល ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលព្រះសីហនុ បានបើកការស៊ើបអង្កេត និងឈានដល់ឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។
របាយការណ៍ដ៏ដែលបានបន្ថែមថា ជនសង្ស័យទី១ឈ្មោះ JULLE SOARES MASTINS ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិព័រទុយហ្គាល់ កាន់លិខិតឆ្លងដែនលេខN837346 និងទី២ឈ្មោះ LEILA DA CANHA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ N308755395។ក្រោយពីធ្វើការឃាត់កម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការទំនាក់ទំនងទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីយកជនសង្ស័យទាំងពីរចាត់ការតាមនីតិវិធី៕