ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវកម្លាំងបង្ការបង្ក្រាបនៃស្នងការដ្ឋានខេត្តធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី១៩ ឧសភា ២០១៦ បន្ទាប់ពីបុរសនេះប្រើដំបងដេញវាយសមត្ថកិច្ច បណ្ដាលឱ្យរងរបួស២នាក់ ខណៈកម្លាំងចកំពុងចុះត្រួតពិនិត្យចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅខាងមុខវាលបែកចាន ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។
ប្រភព ពីប្រធានក្រុមបង្ការបង្ក្រាបនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកឈឿង គឹមសុង ដែលបានដឹកនាំកម្លាំងរបស់ខ្លួន សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ ចុះទៅត្រួតពិនិត្យចរាចរណ៍ពេលយប់បានឱ្យដឹងថា យើងនៅមិនទាន់ស្គាល់អត្តសញ្ញាណជនបង្កហិង្សានោះទេ តែលោកស្នងការខេត្តបានបញ្ជាឱ្យឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់ស្នងការ ក្រោយពីបុរសនោះប្រើហិង្សាដាក់លើកម្លាំងសមត្ថកិច្ចដោយគ្មាន មូលហេតុនោះ ។
លោកបានបញ្ជាក់ថា ជនបង្កហិង្សានោះទំនងជាស្រវឹង ដំបូងជននោះបានជិះម៉ូតូបញ្ច្រាសទិស ដែលមានដឹកដំបងមួយកំណាត់ផង សំដៅមករកសមត្ថកិច្ចដែលកំពុងត្រួតពិនិត្យចរាចរណ៍ ។ ស្រាប់តែឈប់ម៉ូតូ រួចទាញដំបងដេញវាយសមត្ថកិច្ចទាំងកំរោល តែម្ដង ។ គ្រានោះសមត្ថកិច្ចបានព្យាយាមទប់ទល់ តែត្រូវជននេះវាយទៅលើកម្លាំងរបស់លោក បណ្ដាលឲ្យរងរបួស២នាក់ ទំរាំឃាត់ខ្លួនជននេះបាន រួចបញ្ជូនទៅកាន់ស្នងការតែម្ដង ដើម្បីសួរនាំ។
បើតាមសាក្សីបានប្រាប់ថា មុនពេលកើតហេតុ គេឃើញបុរសពាក់វ៉ែនតា.សនោះ ជិះម៉ូតូចុះឡើងៗ មើលសមត្ថកិច្ចដែលកំពុង
ត្រួត ពិនិត្យចរាចរណ៍ ។ លុះបន្តិចក្រោយមក ស្រាប់តែឃើញបុរសនេះ ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ សំដៅទៅរកគោលដៅសមត្ថកិច្ច ។ ប្រភពដដែលបញ្ជាក់ថា ពេលជិះជិតដល់គោលដៅសមត្ថកិច្ច គេឃើញបុរសនោះឈប់ម៉ូតូ រួចទាញដំបងដើរសំដៅទៅរកសមត្ថកិច្ចបង្ហាញពីកាយវិការកាចសាហាវ មើលទៅហាក់ដូចជាមានគំនុំជាមួយសមត្ថកិច្ចយូរហើយ ។
ពេលនោះ សមត្ថកិច្ចបានព្យាយាមសួរនាំ តែបុរសនោះបែរជាចាប់ផ្ដើមស្រែកជេរប្រមាថសមត្ថកិច្ចគ្មានសំចៃមាត់ ធ្វើឲ្យសមត្ថកិច្ចក្ដៅមុខ ក៏ចាប់ផ្ដើមឡោមព័ទ្ធចាប់បុរសនោះ ។ ប៉ុន្តែមិនងាយស្រូលទេ ត្រូវបុរសនោះប្រើដំបងវាយតបវិញ បណ្ដាលឲ្យសមត្ថកិច្ចមួយចំនួនរងរបួស។ សមត្ថកិច្ចបានដេញចាប់បុរសនោះផ្អើលអ្នកដំណើរពេញផ្លូវ ទម្រាំចាប់ខ្លួនបុរសនោះបាន ។
ទោះជាបែបណា គេមិនទាន់ដឹងថា បុរសនេះអាចនឹងត្រូវសមត្ថកិច្ចធ្វើការចោទប្រកាន់ ឬយ៉ាងណានោះទេ ក្រោយពីលោកស្នងការបញ្ជាឲ្យឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការខេត្ត ។ ប៉ុន្តែលោកឈឿង គឹមសុង ប្រធានក្រុមបង្ការ-បង្ក្រាបបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ឧសភា នេះថា មន្ត្រីជំនាញនឹងធ្វើការសួរនាំជនបង្កហិង្សាទៅលើសមត្ថកិច្ចនោះហើយ តែយើងមិនទាន់ដឹងថា លោកស្នងការខេត្ត នឹងមានវិធានការណ៍បែបណា ចំពោះបុរសខាងលើនេះទេ ៕