ព្រៃវែង៖នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៦នេះ កម្លាំងនគរបាលស្រុកបាភ្នំបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មវាយសម្លាប់មិត្តភក្តិរបស់ខ្លួន នៅក្នុងភូមិធាយឃុំធាយ ស្រុកបាភ្នំ កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
មន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ កុយ ផល្លិត អាយុ២៦ឆ្នាំស្នាក់នៅភូមិក្រាំងឃុំធាយស្រុកបាភ្នំខេត្តព្រៃវែង បានចេញពីរោងការនៅក្នុងភូមិធាយ ឃុំធាយ ស្រុកបាភ្នំ វេលាម៉ោងប្រហែល១២:០០យប់ ជាមួយជនរងគ្រោះឈ្មោះ ទុយ ញ៉ម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជាប់ផ្ទះជនសង្ស័យ។ពេលនោះជនរងគ្រោះ ដើរបណ្ដើរជេគ្នាជាមួយជនសង្ស័យបណ្ដើរ លុះដល់ចំណុចកើតហេតុ ជនរងគ្រោះបានវាយជនសង្ស័យមួយដៃចំចិញ្ចើម។ក្រោយមកស្រាប់តែជនសង្ស័យ បានវាយជនរងគ្រោះនឹងព្រនង់ដែលខ្លួនកាន់យកចេញពីវត្តធាយចំនួន បួនទៅប្រាំព្រនង់ ចំថ្គាម និងខ្ទង់ច្រមុះ បណ្តាលឲ្យដួលធ្លាក់ទៅជើងទារប្រឡាយស្លាប់តែម្តង។
ប្រភព ដដែលបានបន្តថា បន្ទាប់ពីមានករណីឃាតកម្មនេះ កើតឡើងកម្លាំងនគរបាលបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យខាងលើ ដោយសមត្ថកិច្ចរកឃើញអាវរបស់ជនសង្ស័យមានប្រឡាក់ឈាមផងដែរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕