រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា មានពលករខ្មែរចំនួន១៥នាក់ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា កន្លងមកនេះ ។
យោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា មានពលរដ្ឋខ្មែរចំនួន១៥នាក់ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានជាតិថាប់ ឡាន ស្ថិតក្នុងភូមិវាំងលុកៅ ឃុំកេងឱនសរ ស្រុកណាឌី ខេត្តប្រាជីនបុរី ហើយពេលនេះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានទៅជួបនិងសាកសួរពលរដ្ឋខ្មែរទាំងនោះហើយ ។
លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា ពលរដ្ឋខ្មែរដែលត្រូវបានចាប់ឃាត់ខ្លួននោះ ពួកគាត់បានចួលប្រទេសថៃតាមរយៈមេខ្យល់កាលពីថ្ងៃទី១៤ ឧសភា ហើយអាជ្ញាធរថៃបានកសាងសំណុំរឿងបញ្ជូលទៅតុលាការភ្ជាប់ជាមួយវត្ថុ ដែលរឹបអូសបានមាន រថយន្តម៉ាកអុីស៊ុយហ្ស៊ុយ ១គ្រឿង រណារយន្ត០២ ច្រវាក់០៤ និងផ្លែរណារយន្តចំនួន០១ ។
លោក ជុំ សុន្ទរី បញ្ជាក់ថា «សម្រាប់ពលរដ្ឋខ្មែរដែលឃាត់ខ្លួននោះ ស្ថានអគ្គកុងស៊ុលកម្ពុជានឹងរកមេធាវីជួយការពារក្តីឲ្យនៅពេលឡើង តុលាការ» ។
ជាមួយគ្នានេះ ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ បានអំពាវនាវជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅ ក្រៅប្រទេស សូមកុំជឿតាមពាក្យឆបោករបស់ពួកមេខ្យល់ទុច្ចរិតឲ្យឆ្លងដែន ខុសច្បាប់ទៅកាប់ឈើនៅប្រទេសគេដោយសន្យាឲ្យប្រាក់ច្រើន ឬធានាសុវត្ថិភាពដោយប្រការផ្សេងៗ ។ រាល់អំពើបោកបញ្ជោតនោះ សុទ្ធតែអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់ក្រុមគ្រួសារ ខាតបង់ពេលវេលានិងថវិកាផ្ទាល់ខ្លួនផងដែរ ។គួរបញ្ជាក់ថា ពលរដ្ឋខ្មែរត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេចូលទឹកថៃដោយខុសច្បាប់ និងជឿងតាមមេខ្យល់ថានាំទៅរកការងារធ្វើដោយទទួលបានប្រាក់ខែ ច្រើន ៕