សំណុំរឿង​បង្ក​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ​បង់​ជំងឺ​ចិត្តជា​ប្រាក់​២​លាន​កន្លះ សមត្ថកិច្ច​បិទ​សំណុំរឿង​

21-May-2016 | ដោយ មែន កំសត់



​ខេត្តបាត់ដំបង ៖ នគរបាល​ស្រុក​ភ្នំព្រឹក ត្រូវគេ​សង្ស័យថា ទំនង​មិន​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​២​នាក់​ទៅកាន់​សាលាដំបូង​ដើម្បី ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ទេ ក្រោយពី​បាន​ជួយ​សម្រប​ស​ម្រូ​ល​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​រងគ្រោះ​ទ​ទូល​យក សំណង​ជំងឺ​ចិត្ត​ជាង​២​លាន​រៀល ក្នុង​សំណុំរឿង​បង្ក​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១០ ខែឧសភា​កន្លងទៅ ។​

​ប្រភពព័ត៌មាន​ដែល​កោះសន្តិភាព​ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​២​នាក់​គឺ​ឈ្មោះ គួ​យ អាយុ​២៩​ឆ្នាំ និង​ឈ្មោះ ចេក អាយុ​២៩​ឆ្នាំ​ដូចគ្នា បាន​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​ឈ្មោះ ឡុង ណាក់ អាយុ​២៨​ឆ្នាំ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១០​ខែឧសភា នៅខាងមុខ​វិទ្យាល័យ​ពេជ្រ​ចិន្តា  ស្ថិតក្នុង​ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ពេល​មានការ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី ។ ប្រភព​ដដែល​បញ្ជាក់ថា គ្រានោះ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​ដែរ តែ​មិនបាន​ចាត់ការ​ទៅលើ​ជនសង្ស័យ​ទេ បែរជា​ព្យាយាម​សម្រប​ស​ម្រូ​ល​ទៅវិញ ខណៈ​ជនរងគ្រោះ​រងរបួស​ប៉ោង​មុខមាត់​សន្លប់​ស្ដូកស្ដឹង និង​ត្រូវបាន​គេ​ជួយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​បើតាម​សាក្សី​នានា​និយាយថា ជនដៃដល់ និង​ជនរងគ្រោះ​បាន​ផឹកស៊ី​ជុំគ្នា ហើយក៏​ឈ្លោះប្រកែក​គ្នា​នៅពេល​ស្រវឹង​រហូត​ឈានដល់​ការ​វាយតប់​គ្នា​ទាំង កំរោល​តែម្ដង ។ ជនរងគ្រោះ​ត្រូវ​ភាគី​ដៃដល់​ដែលមាន​គ្នា​២​នាក់ ព្រួត​វាយ​យ៉ាង​ចាស់ដៃ​បណ្ដាល​ឲ្យ​រងរបួស​ប៉ោង​មុខ ប៉ោង​ភ្នែក ហើយ​ត្រូវគេ​ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ទាំងយប់​ដែល​ក្រុមគ្រួសារ​មិន បានដឹង ។ រីឯ​សមត្ថកិច្ច​គេ​ឃើញ​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ​ដែរ តែ​មិនមាន​វិធានការ​ទៅលើ​ជនបង្ក​ទេ ។​
​បើតាម​ប្រភព​ដែល​ស្រង់​សម្តី​ក្រុមគ្រួសារ​ជនរងគ្រោះ​ឲ្យ​ដឹងថា ពួកគាត់​ត្រូវគេ​រាយការណ៍​កុហកថា ជនរងគ្រោះ​ឈ្មោះ ឡុង ណាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។ ក្រោយមក​គេ​ឃើញ​ជនដៃដល់​ឈ្មោះ គួ​យ និង​ឈ្មោះ ចេក ដើរចូល​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ដោយ​បង្ហាញ​ពី​ចរិត ក្រអឺតក្រទម  ថែមទាំង​បោះសម្តី​ថា​មក​បង់លុយ​ឲ្យ​ជនរងគ្រោះ ។​

​ប្រភព​ដដែល​បញ្ជាក់ថា សមត្ថកិច្ច​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទ​ទូល យក​សំណង​ជា​ថ្នូរ​នឹង​ការមិន​ប្ដឹងប្ដល់ ។ ការ​សម្រប​ស​ម្រូ​ល​នេះ​បានអូសបន្លាយ​អស់​រយៈពេល​ជាង​២​ថ្ងៃ​ទើប ត្រូវរ៉ូវ​គ្នា ដោយ​ភាគី​ជនរងគ្រោះ​ព្រម​ទ​ទូល​យក​សំណង​ចំនួន​២,៥​លាន​រៀល​ពី​ជនដៃដល់ ទាំង​២​នាក់​ដើម្បី​បញ្ចប់រឿង ។ សំណុំ​រឿងនេះ​ទំនង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​អធិការដ្ឋាន​ស្រុក​តែម្ដង ដោយ​មិន​បញ្ជូនទៅ​តុលាការ​ឡើយ ព្រោះ​គេ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​មាន​សេរីភាព​ដើរ​ញញឹម​ដាក់​គេឯង​ពេញ ស្រុក​ភ្នំព្រឹក ។​

​ជុំវិញ​ភាពមិនប្រក្រតី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ខាងលើនេះ គេ​មិនទាន់​ដឹងថា​តើ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានដឹង​ដែរ​ឬក៏​អត់​នោះទេ​។ ប៉ុន្តែ​ស្នងការរង​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​ថា ពិតជា​មានរឿង​បែបនេះ​មែន ។ ពួកគេ​បាន​វាយ​គ្នា​ទៅវិញទៅមក ពេល​ផ្ទុះ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​។ លោក​ស្នងការរង​បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​ភាគី​ទាំង​២​បានធ្វើការ​សម្រប​ស​ម្រូ​ល​គ្នា ដោយ​ភាគី​រងគ្រោះ​សុខចិត្ត​ទ​ទូល​យក​សំណង​ពី​ភាគី​ជនដៃដល់​ជា​ទឹកប្រាក់ ចំនួន​២,៥​លាន​រៀល​ដើម្បី​បញ្ចប់រឿង​ប្ដឹងប្ដល់​គ្នា ទើប​សមត្ថកិច្ច​សម្រេច​ជួយ​សម្រប​ស​ម្រូ​ល​បញ្ចប់រឿង​ទៅ ។​
​ការប្រឹងប្រែង​ជួយ​សម្រប​ស​ម្រូ​ល​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​របស់ មន្ត្រីនគរបាល​យុត្តិធម៌​ខាងលើនេះ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​នានា ទាំង​ប្រជាពលរដ្ឋ ទាំង​មន្ត្រី​នានា​នៅ​ស្រុក​ភ្នំព្រឹក ។  មតិ​នានា​បាន​លើកឡើងថា បើតាម​ពិនិត្យ​លើ​ស្ថានភាព​របួស​ជាក់ស្ដែង​របស់​ជនរងគ្រោះ គឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើម​មុខ​ហើម​ភ្នែក ដេក​ព្យាបាល​គ្មាន​ទាំង​លុយ​បង់​មន្ទីរពេទ្យ​ទៀតផង ។ រីឯ​ជនដៃដល់​ក៏បាន​ចេញមុខ​យ៉ាង​ក្រអឺតក្រទម​ទៀត​នៅ​កន្លែង​សមត្ថកិច្ច បែរជា​សមត្ថកិច្ច​មិន​ចាត់ការ​តាមផ្លូវ​ច្បាប់ ហើយ​ព្យាយាម​ជួយ​សម្រប​ស​ម្រូ​ល​បញ្ចប់រឿង​ទៀត ។​
​មន្ត្រី​ខ្លះ​បានលើកឡើង​អំពី​ផ្លូវច្បាប់​ដូច្នេះ​ថា បើតាម​ផ្លូវច្បាប់​បើទោះជា​ជនរងគ្រោះ​ព្រម​ទទួលយក​សំណង​ក្ដី ក៏​សមត្ថកិច្ច​ត្រូវតែ​ឃាត់ខ្លួន​ជនដៃដល់​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​ចាត់ការ​តាម​នីតិវិធី​ដែរ ព្រោះ​ជា​រឿង​ព្រហ្មទណ្ឌ មិនត្រូវ​បិទ​សំណុំរឿង​មិន​ចាត់ការ​បែបនេះ​ទេ ។ អ្នក​រិះគន់​បានស្នើ​ឲ្យ​លោកស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត គួរតែ​ធ្វើ​ការសើរើ​សំណុំរឿង​មិន​ប្រក្រតី​នេះ ចៀសវាង​កុំ​ឲ្យ​មានការ​រិះគន់​ពី​មហាជន​ថា មានការ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​បិទ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ៕

ចំនួនអ្នកទស្សនា

    20555757

  • ថ្ងៃនេះ12341
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91421
  • ខែនេះ113301
  • ឆ្នាំនេះ113301
  • សរុប20555757