ព្រះវិហារ ៖សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តធុនធំចំនួនបីគ្រឿង ដោយគេសង្ស័យថា បានផ្ទុកឈើលើសច្បាប់ជាង១០០ម៉ែត្រគូប។ ឈើនោះ ត្រូវគេដឹកចេញពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមបណ្តោយផ្លូវជាតិលេខ៦២ ខណៈពេលដែលមកដល់ចុងភូមិមហាផល ត្រូវបានសមត្ថកិច្ចឃាត់ និងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីត្រួតពិនិត្យ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។
លោក អ៊ិត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានឲ្យរស្មីកម្ពុជាដឹងថា រថយន្តដែលសង្ស័យថា ដឹកឈើលើសច្បាប់អនុញ្ញាតនោះ មានស្លាកលេខ កំពង់ចាម 3A 5355 រថយន្តទី២ស្លាកលេខ ភ្នំពេញ 3B 8292 និងរថយន្តទី៣ ស្លាកលេខភ្នំពេញ 3C 5066។ លោក អ៊ិត ភូម្រា នាយខណ្ឌបានបញ្ជាក់ទៀតថា អ្នកចេញច្បាប់អនុញ្ញាតិឈ្មោះ គុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែរថយន្តនោះ បានមកដឹកឈើនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារឯណេះទៅវិញ។
លោកនាយខណ្ឌបានបន្តថា ឈើដែលដឹកតាមរថយន្តធំនោះ ជាប្រភេទឈើទាល និងត្រាចដែលមានចំនួនលើសច្បាប់អនុញ្ញាតជាច្រើនម៉ែត្រគូប។ នាយខណ្ឌបន្តថា នៅថ្ងៃនេះផងដែរ លោកនឹងអញ្ជើញលោក ម៉ក់ បញ្ញា នាយផ្នែកជាំក្សាន្តឡើងមកធ្វើការសាកសួរពីមូលហេតុអីបានជាមានច្បាប់ អនុញ្ញាតមកពីស្រុក និងខេត្តឧត្តរមានជ័យ តែមកដឹកឈើក្នុងខេត្តព្រះវិហារទៅវិញ ព្រោះវាខុសនិងគោលដៅរបស់ខ្លួន។ ក្នុងនោះច្បាប់អនុញ្ញាតក្នុងមួយរថយន្តមានតែ៨ម៉ែត្រគូប១០ម៉ែត្រគូប និង១៣ម៉ែត្រគូប។ តែការដឹកក្នុងរថយន្តនីមួយៗ តាមការប៉ាន់ប្រមាណរបស់រដ្ឋបាលព្រៃឈើ ក្នុងរថយន្តមួយគ្រឿងមានដល់ទៅចំនួន៤០ម៉ែត្រគូបឯណោះ។
ប្រភពពីជំនាញបានឲ្យដឹងទៀតថា ឈើដែលផ្ទុកក្នុងរថយន្តខ្នាតយក្សនោះ ជាឈើប្រភេទឈើអារដោយរណាយន្តមិនមែនប្រភេទឈើអារដោយរណារ៉ៃនោះទេ ហើយប្រភេទឈើដើមច្បោះជ័រទឹកពលរដ្ឋទៀតផង។ រីឯការដឹកជញ្ជូនឈើតាមរថយន្តចំនួនបីគ្រឿងនោះ គឺខុសទាំងច្បាប់អនុញ្ញាតទាំងចំនួនឈើលើសកំណត់ និងខុសគោលដៅព្រោះច្បាប់អនុញ្ញាតចេញពីខេត្តផ្សេង តែមកដឹកឈើនៅឯខត្តព្រះវិហារទៅវិញ៕