ខេត្តពោធិ៍សាត់ ៖កម្លាំងសហគមន៍ព្រៃឈើភូមិស្វាយសសហការ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ុស្ដិ៍ស្នាអន្សា រួមមានជំទប់ឃុំស្នាអន្សា មេភូមិស្វាយស បានចុះចាប់ត្រាក់ទ័រមួយគ្រឿង ខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍ជាក់ស្ដែង។ ករណីនេះ បានប្រព្រឹត្តឡើងនៅត្រង់ចំណុចក្នុងដែនសហគមន៍ព្រៃឈើភូមិស្វាយស ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
ប្រភពព័ត៌មានពី កម្លាំងចុះបង្ក្រាបត្រាក់ទ័រ បានឲ្យដឹងថា ការចាប់ត្រាក់ទ័រខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថា មានត្រាក់ទ័រមួយគ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍ព្រៃឈើភូមិស្វាយស។ គ្រានោះកម្លាំងសហគមន៍ព្រៃឈើភូមិស្វាយសបានរាយការណ៍មកគណៈកម្មាធិការ សហគមន៍ រួចប្រមូលកម្លាំងចុះទៅចំណុចនោះក៏ប្រទះឃើញពិតប្រាកដទើបឃាត់ចាប់ តែម្ដង។
ប្រភពបន្តថាម្ចាស់ត្រាក់ទ័រត្រូវបានគេស្គាល់ឈ្មោះ យង់ វ៉េង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពដដែលបានអះអាងបន្តទៀតថា បើតាមការឲ្យដឹងពីម្ចាស់ត្រាក់ទ័រ បាននិយាយថា គាត់ស៊ីឈ្នួលឈូសភ្ជូរឲ្យគេទេ ហើយម្ចាស់នោះឈ្មោះ តើត ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ករណីនេះ វត្ថុតាងត្រាក់ទ័របានរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សា ហើយកំពុងបំពេញសំណំបែបបទបញ្ជូនប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕