កណ្តាល៖ លោក កែវ សុភា មេបញ្ជាការរងយោធាខេត្តកំពត និងត្រូវជាបងបង្កើតរបស់លោក កែវ សុផល មេបញ្ជាការអាវុធហត្ថខេត្តកំពត បានស្លាប់នាយប់មិញ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីលោក បានបើកថយន្តទៅបុកគល់ដើមខ្វិត សង្ស័យស្ថិតក្នុងសភាពងងុយដេកខ្លាំង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣និង៣៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុច ភូមិអូអណ្ដូង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ ម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2A-2489 បើកបរដោយឈ្មោះ កែវ សុភា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត បានបើកបរក្នុងទិសដៅពី ក្រុងតាខ្មៅទៅខេត្តកំពត (ពីកើតមកត្បូង) ហើយក៏ជ្រុលចង្កូតទៅបុកគល់ខ្វិតនៅក្បែរផ្លូវតែម្ដង។
ករណីនេះបណ្ដាលឲ្យ អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ដោយជនរងគ្រោះបើកបរតែម្នាក់ឯង។ ចំណែករថយន្តត្រូវបានកម្លាំង ជំនាញយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំសាច់ញាតិមកទទួល៕