បាត់ដំបង៖កាលពីយប់ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៦វេលាម៉ោង ០២ រំលងអាធ្រាត្រ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់វិធានការបន្ទាន់មួយដល់ឧត្តមសេនីយ៍ត្រី ជេត វណ្ណី ដឹកនាំកម្លាំងជំនាញ ចុះនាំខ្លួនក្រុមក្មេងទំនើងដែលពពាក់ពពូន នៅតាមសួនច្បារសាធារណៈក្នុងក្រុងបាត់ដំបង ក្នុងវេលាយប់រំលងអាធ្រាត្រមិនចូលផ្ទះសម្បែងយកមកអប់រំណែនាំ ។
ក្នុងសកម្មភាពនេះក្រុមក្មេងទំនើងចំនួន ៤១ នាក់ស្រី ០៨ នាក់រួមទាំងម៉ូតូចំនួន ២២ គ្រឿងត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការ សាកសួរ។
សូមជំរាបជូនថា កន្លងទៅមានក្រុមក្មេងទំនើង ច្រើនក្រុមតែងតែបង្កនូវបាតុភាពហិង្សាបង្កជម្លោះដេញកាប់ ចាក់ គ្នានៅតាមសួនច្បារសាធារណៈក្នុងក្រុងបាត់ដំបង ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ខូចខាតនូវរបៀបរៀបរយសាធារណៈ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការភ័យខ្លាច និងបាត់ជំនឿលើការដឹកនាំរបស់អាជ្ញាធរខេត្ត ក៏ដូចសមត្ថកិច្ចគ្រប់ថ្នាក់ ។
ក្នុងចំណាត់ការនេះ ក្រុមគ្រួសារ អាណាព្យាបាលមានការត្រេកអរ និងគាំទ្រចំពោះសកម្មភាពរបស់សមត្ថកិច្ច ហើយក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់ ក្រុមគ្រួសារ អាណាព្យាបាលមេត្តាយកចិត្តទុកដាក់ ពិនិត្យតាមដាន និងអប់រំកូន ចៅរបស់ខ្លួនឲ្យបានល្អ ចៀសវាងនូវអំពើណាមួយឈានដល់ការប្រព្រឹត្តិបទល្មើសផ្សេងៗ ។ក្រោយសាកសួរក្រុមក្មេងទំនើងទាំងនេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ហើយឲ្យក្រុមគ្រួសារ អាណាព្យាបាល ធានាយកទៅ អប់រំបន្តនៅលំនៅដ្ឋានវិញ៕