ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីសិស្សសាលាម្នាក់ខណៈកំពុងបណ្ដើរម៉ូតូបែកកង់ ត្រូវបានជនល្មោភកាមម្នាក់វាយនាង៣ដៃហើយចាប់សម្រាតសំពត់ និងចាប់ហែកខោក្នុងប៉ងចាប់រំលោភតែមិនបានសម្រេច ។ ហេតុការណ៍ប៉ងចាប់រំលោភនេះកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅតាមផ្លូវលំមួយកន្លែង ។
តាមការរៀបរាប់របស់ក្មេងស្រីសិស្សសាលារងគ្រោះបានឲ្យសមត្ថកិច្ច ដឹងថា កាលពីថ្ងៃទី២ ១ខែឧសភា ឆ្នាំ២០១៦ ខណៈនាងពេលនាងកំពុងបណ្ដើរម៉ូតូ(ម៉ូតូបែកកង់) ជនសង្ស័យបានហៅនាងឈប់ ហើយវាយនាង៣ដៃ បន្ទាប់មកក៏ចាប់សម្រាតសំពត់ និងចាប់ហែកខោលីអូរបស់នាងបំណងចាប់រំលោភ តែបានបុរសអ្នកចាំចម្ការម្នាក់ចេញមកជួយទាន់ ជនសង្ស័យភ័យស្លន់ស្លោក៏រត់គេចខ្លួនបាត់តែម្តង ។
លោកវរសេនីយ៍ឯក ស ប៊ុសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ទោះបីជាយ៉ាងណាជនសង្ស័យនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ ។ លោកបញ្ជាក់ថា ជនសង្ស័យនឈ្មោះ អ៊ិន ប្រាក់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងលិចសឹករងក្រុងប៉ោយប៉ែតចម្ងាយ៥០០ម៉ែត្រ ស្ថិតនៅព្រំប្រទល់ភូមិចាន់គិរី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ ៕