ខេត្តកំពង់ធំ៖ភាពសោកសៅបានកើតឡើងក្នុងគ្រួសារមួយបាន បាត់បង់កូនតូចជាទីស្រឡាញ់ ដែលអាចមកពីការធ្វេសប្រហែសពីមនុស្សចាស់ផង បណ្តាលក្មេងតូចអាយុបីឆ្នាំ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មក្នុងស្រះទើបជីកថ្មី។ ហេតុការណ៍នោះ បានកើតឡើងនៅនៅក្នុងស្រះទឹកមួយកន្លែង ដែលគេទើបតែជីកថ្មីៗ ស្ថិតនៅខាងក្រោយផ្ទះ ភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ យ៉ុង សាលី អាយុ៣ឆ្នាំ រស់នៅជាមួយម្តាយឈ្មោះ យ៉ុង យឹម អាយុ២១ឆ្នាំ នៅក្នុងភូមិឃុំ កើតហេតុខាងលើជាស្ត្រីមេម៉ាយដែល បានលែងលះគ្នាជាមួយប្ដីឈ្មោះ ហួត ឡូន អាយុ២៤ឆ្នាំ អស់រយះពេលជាង២ឆ្នាំរួចមក។
ករណីខាងលើនេះ សមត្ថកិច្ចប្រាប់ថា បណ្តាលមកពីការធ្វេសប្រហែស របស់ម្ដាយ ទើបធ្វើឲ្យកូននេះ ស្លាប់យ៉ាងអាណោចអាធ័មបែបនេះ។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕