ខេត្តក្រចេះ ៖សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ បានឃាត់គោយន្តដឹកឈើខុសច្បាប់ពីរគ្រឿង ដែលបានផ្ទុកឈើអារលេខ១ប្រភេទស្រឡៅចំនួន១១០សន្លឹក ស្មើនឹង៥,៥០ម៉ែត្រគូប។ ការឃាត់គោយន្តដឹកឈើនោះ នៅចំណុចភូមិទី២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។
មន្ត្រីកងរាជអាវុធហត្ថមួយរូបក្នុងរង្វង់ប្រតិបត្តិការ បានឲ្យដឹងថា ក្នុងការចុះឃាត់គោយន្តដឹកឈើខុសច្បាប់នេះ គឺដឹកនាំដោយលោកអនុសនីឯក គឹម វណ្ណរិទ្ធ មេបញ្ជាការរងអាវុធហត្ថសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ថ្ម ក្រែដឹកនាំដោយលោក ម៉ី វុទ្ធី នាយរដ្ឋបាលព្រៃឈើសង្កាត់ថ្មក្រែ ខេត្តក្រចេះ ចុះបង្ក្រាបបទល្មើសឈើនៅចំណុចភូមិទី២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។ ជាលទ្ធផលសមត្ថកិច្ចឃាត់គោយន្តកន្ត្រៃចំនួនពីរគ្រឿង ដឹកឈើអាលេខ១ស្រឡៅចំនួន១១០សន្លឹកស្មើនឹង៥.៥០ម៉ែត្តគូប ម្ចាស់រត់គេចខ្លួនបាត់។ បច្ចុប្បន្នយកទៅរក្សាទុកនៅ ស្ថានីយបណ្តុះកូនឈើខ្សារផ្នែកក្រចេះ៕