​មេចោរ​ប្លន់​ដ៏​ធំ​ម្នាក់​ប្រចាំខេត្ត​ព្រៃវែង និង​ខេត្តស្វាយរៀង ប្លន់ ត្រូវ​បង្ក្រាប​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

23-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ កម្លាំង​នគរបាល​ខេត្តព្រៃវែង ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង ជា ស្នងការ​ខេត្តព្រៃវែង សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ និង​ព្រះរាជអាជ្ញារង សឿន មុ​នី្ន​រ័ត្ន នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ​តាម​បង្ក្រាប និង​ចាប់ខ្លួន​មេចោរ​ប្លន់​ដ៏​ធំ​ម្នាក់ ប្រចាំខេត្ត​ព្រៃវែង និង​ខេត្តស្វាយរៀង ដែល​ធ្លាប់ធ្វើ​សកម្មភាព​ជិត​៤០​ដង នៅ​ទឹកដី​ខេត្ត​ទាំង​២​នេះ​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង ដែល​ចូលរួម​មក​ចាប់ខ្លួន​មេចោរ​ប្លន់​រូបនេះ បាន​ថ្លែងប្រាប់ ថា ជននេះ​ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ប្លន់ និង​លួច​ជា​ច្រើនដង​នាពេល​អតីតកាល ហើយ​ជននេះ​ទៀតសោត គឺជា​អតីត​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​វត្ត​ព្រៃម្លូ​ទៀតផង​។​
​មេចោរ​ប្លន់​រូបនេះ​មានឈ្មោះ ម៉ឹង សារី ហៅ​គ្រូ​ម៉េង អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​វែង ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​មន្ត្រីនគរបាល​ខេត្តព្រៃវែង បាន​បញ្ជាក់ថា កាលពីពេល​កន្លងទៅ​កម្លាំង​នគរបាល បាន​ចាប់​ខ្លូន​បក្ខពួក​របស់គេ ដោយ​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម និង​អាកា​២​ដើម​ផងដែរ​។​
​ជននេះ​មាន​កូនចៅ​មួយចំនួនទៀត ក្នុងនោះ​រួមមាន​ទី​១​ឈ្មោះ នៅ ស័​រ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ក្រចាប់​ក្រោម ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទី​២ ឈ្មោះ ថោង យា អាយុ​ជាង​៥០​ឆ្នាំ ទាំងពីរ​នាក់​នេះ​ត្រូវជា​បងថ្លៃ​និង​ប្អូនថ្លៃ​និង​គ្នា ត្រូវបាន​ចាប់ខ្លួន​មុនគេ ព្រមទាំង​នាំទៅ​គាស់ យក​កាំភ្លើង​ចំនួន​៣​ដើម ដែល​ពួកគេ​កប់​ទុក​ក្នុង​ដី ក្នុងនោះ​មាន​កាំភ្លើង​អាកា​២​ដើម​និង​កាំភ្លើងខ្លី​១​ដើម ទី​៣ ឈ្មោះ នុត ថង ហៅ​កុ​ត អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចំណង​ទាក ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទី​៤ ឈ្មោះ ងិន ថា អាយុ​៤២​ឆ្នាំ មាន​ទៅ​លំនៅ​ក្នុងភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទី​៥ ឈ្មោះ គង់ មករា ហៅ​បៀ​វ អាយុ​៣៤​ឆ្នាំ មាន​ទៅ​លំនៅ ក្នុងភូមិ​ជាមួយគ្នា ហើយ​ជន​ទាំង​៣​នាក់​នេះ កំពុង​រត់គេចខ្លួន​ប៉ុន្តែ មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​អស់ហើយ​។​
​ក្រុមចោរប្លន់​ទាំងនេះ​បានធ្វើ​សកម្មភាព ប្លន់​ចំនួន​៣៧​លើក នៅក្នុង​ខេត្តព្រៃវែង និង ខេត្តស្វាយរៀង ជាពិសេស​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​លើកចុងក្រោយ​ពួកគេ​បាន​ប្លន់ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១១ នៅក្នុង​ភូមិ​ក្រាំង​វែង ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​
​ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​ហូបបាយ​ជុំគ្នា ស្រាប់តែ​ក្រុមចោរ​ទាំងនេះ ចាប់​ជនរងគ្រោះ ២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ​សំ ណាគ្រី និង​ឈ្មោះ ស ភា ចងវាយ​ធ្វើបាប និង​ប្លន់​យកបាន លុយ​ចំនួន​១២,០០០​ដុល្លារ និង​គ្រឿងអលង្ការ​មួយចំនួនទៀត​។​
​មេខ្លោង​ម្នាក់នេះ គឺជា​មេ​កន្ទុយលេខ​ម្នាក់ មុនពេល​ប្លន់​ជនរងគ្រោះ ឲ្យ​តែ​ចាញ់​កន្ទុយលេខ តែង​បាន​ខ្ចីលុយ​ពី​ជនរងគ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ មានពេលខ្លះ​១​លាន​រៀល និង​ពេលខ្លះទៀត ២​លាន​រៀល​ទៀតផង​។​

​លុះ​លើកចុងក្រោយ​ខ្ចី​ទៀត មិនបាន​ក៏មាន​កំហឹង​និង​បាន​បោះពាក្យ​សម្ដី​ថា "​មិន​អី​ទេ រកលុយ​ឯង​ប៉ុណ្ណឹង​មិនបាន ចាំ​អញ​ចាប់ជំរិត​ឯង ឲ្យ​អស់​រាប់ម៉ឺន​ដុល្លារ​" បន្ទាប់មក​បាន​នាំ​បក្សពួក ចូល​ប្លន់​ជនរងគ្រោះ​តែម្ដង​។​​ក្រោយមក​កម្លាំង​នគរបាល​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង បាន​ចាប់ខ្លួន​ជន​សង​ស្ស័​យ បាន​២​នាក់​គឺមាន ឈ្មោះ ថោង យា និង​ឈ្មោះ នៅ ស័​រ ហើយ​ជន​ទាំងនេះ​បាន សារភាពថា ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​ចំនួន​៣៧​លើក នៅក្នុង​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ដែលមាន ឈ្មោះ ម៉ឹង សារី ហៅ គ្រូ​ម៉េង ជា​មេខ្លោង​ចង្អុលបង្ហាញ​កន្លែង​ប្លន់​និង​រៀប​គម្រោងការ​ប្លន់​។​

​ម្យ៉ាងទៀត​ពួកគេ ជិះ​ម៉ូតូ​អូស​រទេះ ធ្វើជា​អ្នក​ដើររក​ទិញ​ជ្រូក ប៉ុន្តែ​មិនដែល​ទិញ​នោះទេ​គឺ តថ្លៃ​ខុស​រហូត តាមពិត​ដើរ​មើលផ្លូវ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​តែប៉ុណ្ណោះ បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​នោះ​ហើយ ទើប​ឈានដល់​ការចាប់ខ្លួន​មេខ្លោង​នេះ​តែម្តង​។​
​តាម​ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​សកម្មភាព​ប្លន់​ផ្ទួនៗ​គ្នា ជនសង្ស័យ ឈ្មោះ ម៉ឹង សារី ហៅ គ្រូ​ម៉េង នោះ​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ប៉ុន្តែ​ពេល​បញ្ជូន​ដល់​តុលាការ​ខេត្តព្រៃវែង ក៏ត្រូវ​បាន​ដោះ លែង​វិញ ដោយ​តុលាការ​សម្រេច​មិន​ឃុំខ្លួន ។​​បន្ទាប់មក​ជនរងគ្រោះ​យល់ថា ជា​រឿង​អយុត្តិធម៌ ទើប​បន្ត​ប្ដឹង​ទៅកាន់​សាលាឧទ្ធរណ៍​ទៀត ទើប​មាន​ដីកាចាប់ខ្លួន​ជននេះ​។​

​ស្នងការ​នគរបាល​ខេត្តព្រៃវែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង ជា បាន​បញ្ជាក់ថា ជននេះ​ត្រូវបាន​បញ្ជូន​ទៅដល់​ស្នងការដ្ឋាន​ខេត្ត នា​យប់​នេះ និង​កំពុង​បន្ត​ការសួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20556367

  • ថ្ងៃនេះ12951
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92031
  • ខែនេះ113911
  • ឆ្នាំនេះ113911
  • សរុប20556367