ខេត្តក្រចេះ ៖បុរសម្នាក់ដែលយកអំណាចឪពុកជា មេបញ្ជាការរងប៉េអឹមស្រុកសំបូរ ខេត្តក្រចេះ បានប្រើអំពើហិង្សាវាយតប់ទៅលើអ្នកកាសែតពីររូប បង្ករបួសស្នាមធ្វើឲ្យមានការភ្ញាក់ផ្អើលនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កជាកូនមន្ត្រីកងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ ដែលបានប្រើអំពើហិង្សាវាយតប់លើអ្នកកាសែតពីរនាក់នោះ ឈ្មោះ អ៊ុំ មុន្នីនិត អាយុជាង៣០ឆ្នាំ។ ចំណែកអ្នកសារព័ត៌មានទាំងពីរនាក់នោះឈ្មោះ គិន ប៊ុនសួន ជាភ្នាក់ងារសារព័ត៌មានអរិយធម៌ និងឈ្មោះ នួន រ៉ាន់ ភ្នាក់ងារសារព័ត៌មានបញ្ញវ័នខ្មែរ។ អ្នកទាំងពីរបានរងការកំហែងគំរាមសម្លាប់ ដោយក្នុងដៃជនអាងអំណាចឪពុកនោះ មានកាន់កាំបិតប៉័ងតោ នឹងបង្ខំឲ្យអ្នកកាសែតពីរនាក់ លត់ជង្គង់ថ្វាយបង្គំខ្លួន ហើយថែមទាំងវាយអ្នកកាសែតពីរនាក់នោះ យ៉ាងចាស់ដៃបង្ករបួសស្នាម។
ប្រភពដដែលបានបន្តថា មុនពេលមានករណីនេះ កើតឡើងអ្នកសារព័ត៌មានទាំងពីរនាក់កំពុងតែដេកលើអង្រឹង។ ខណៈពេលនោះឈ្មោះ អ៊ុំ មុន្នីនិត ត្រូវជាកូនមេបញ្ជាការរងស្រុកសំបូរ បានជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំ ហើយបានស្រែកឡូឡាដើរសំដៅចូលទៅរកអ្នកសារព័ត៌មានទាំងពីរនាក់។ ពេលនោះឈ្មោះ អ៊ុំ មុន្នីនិត បានពោលពាក្យអសុរសរហូតឈានដល់វាយតប់ច្រើនដៃទៅលើអ្នកកាសែតទាំងពីរ។ រីឯមូលហេតុដែលកើតឡើងនោះ គេសន្និដ្ឋានថា គឺបណ្តាលមកពីអ្នកកាសែតបានសរសេររិះគុនពាក់ព័ន្ធរថយន្តដឹកឈើរបស់ ជនសង្ស័យ។
បន្ទាប់ពីកើតហេតុភ្លាមជនបង្ករបានគេចខ្លួន និងត្រឡប់មកវិញ ដោយក្នុងដៃមានកាន់ពូថៅបំណងប្រុងកាប់ទៅលើជនរងគ្រោះបន្ថែមទៀត។ តែត្រូវបានសមត្ថកិច្ចស្រុកសំបូរ ចាប់ខ្លួននៅកន្លែងកើតហេតុ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីសាកសួរ។ ដោយឡែកអ្នកសារព័ត៌មានម្នាក់ឈ្មោះ នួន រ៉ាន់ ត្រូវបានសមត្ថកិច្ចនាំយកទៅដេកពេទ្យ និងបានដាក់ពាក្យប្តឹង ដើម្បីទាមទារកយុត្តិធម៌។
ពាក់ព័ន្ធនិងបញ្ហាការវាយតប់ប្រើ អំពើហិង្សាលើអ្នកសារព័ត៌មានខាងលើ លោកវរៈសេនីយ៍ទោ ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុំ មុន្នីនិត នោះត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទពីបទហិង្សាបង្កររបួសស្នាមអាចប្រឈមជាប់ពន្ធនាគារ និងពិន័យជាប្រាក់។
ចំណែកលោក អ៊ុំ មុន្នីរិត ដែលជាឪពុកបង្កើតរបស់ជនបង្កបានប្រាប់អ្នកសារព័ត៌មានថា លោកមិនមានអ្វីជំទាស់ទេ ព្រោះកូនរបស់លោកបានប្រព្រឹត្តខុសពិតមែន។ ក្នុងនាមលោកជាអាណាព្យាបាលមានតែសុំការសម្របសម្រួលជាមួយភាគីរងគ្រោះ តែប៉ុណ្ណោះ។ ស្របពេលនិងការបង្ករអំពើហិង្សាពីសំណាក់កូនអ្នកមានអំណាចនោះដែរ មហាជនដែលបានដឹងរឿងខាងលើសម្តែងការមិនពេញចិត្តទៅនឹងទង្វើ អ្នកមានអំណាចមួយចំនួន។ កន្លងមកអ្នកសារព័ត៌មានតែងតែប្រឈមការវាយតប និងធ្វើទុកបុកម្នេញពីសំណាក់ក្រុមឈ្មួញទុច្ចរិត និងសែស្រឡាយអ្នកប្រកបរបរខុសច្បាប់ ហើយពេលខ្លះជនបង្ករទាំងនោះ ត្រូវបានរួចខ្លួននិងគេចផុតពីសំណាញ់ច្បាប់ទៀតផង៕