នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​របស់​យាយ «​ព្រឿង​» ក្រោយ​ដឹកឈើ​បុក​បា​រ៉ា​ស់ និង​រថយន្ត​សមត្ថកិច្ច

23-May-2016 | ដោយ មែន កំសត់

 
​ក្រចេះ​៖ លោក​ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ក្រចេះ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត​ជាច្រើន​នាក់ ចុះបង្ក្រាប​រថយន្ដ​យី​ឌុប​ចំនួន​២​គ្រឿង ដែល​កំពុង​ដឹកជញ្ជូន​ឈើប្រណិត​ឆ្ពោះ ទៅកាន់​ប្រទេស​វៀតណាម ព្រមទាំង​បាន​បើក​បុក​បា​រ៉ា​ស់​សមត្ថកិច្ច និង​រថយន្ត​របស់​ស​ម​ត្ថ​កិច្ច​ទៀតផង​។​
​ប្រតិបត្តិការ​ចុះបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ដែល​គេ​ដឹងថា ម្ចាស់​ឈើ​ឈ្មោះ យាយ​ព្រឿង ជនជាតិ​វៀតណាម​ខាងលើនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ហើយ​សម្រាប់​ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​អ្នកបើករថយន្ត និង​ព្រូ​រថយន្ត​ចំនួន​៥​នាក់​ផងដែរ​។​

​លោក​ឧត្ដមសេនីយ៍ សាន្ដ ប៊ុន​ថា​ន បាន​ប្រាប់ថា ការចុះ​បង្ក្រាប​រថយន្ដ​ទាំង​២​គ្រឿង​ខាងលើ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​រថយន្ដ​យី​ឌុប​ដឹកឈើ​តាម​រថយន្ត​យី​ឌុប ចំនួន​២​គ្រឿង​បំណង​ឆ្ពោះទៅ​វៀតណាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន បាន​បន្ដថា «​ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់ ដើម្បី​ចុះបង្ក្រាប​ករណី​ខាងលើ ក្នុងនោះ​កម្លាំង​អាវុធហត្ថ​យើង បាន​យក​រថយន្ដ​ជាច្រើន​ទៅ​ឃាត់ និង​ដាក់​បា​រ៉ា​ស់ ដើម្បី​ឃាត់​រថយន្ត​នោះ តែ​ឃាត់​មិន​ជាប់ ដោយ​ពួកវា​បាន​បើក​បុក​ទាំង​បា​រ៉ា​ស​ហួស​ទៅ ក្រោយមក កម្លាំង​យើង​បាន​យក​រថយន្ដ​យី​ឌុប​ផ្សេងទៀត ទៅ​ដាក់​ទទឹងផ្លូវ ទើប​អាច​ឃាត់​ជាប់​បាន ភ្លាមៗ​នោះ​កម្លាំង​យើង ក៏បាន​ឃាត់​ជនសង្ស័យ​ចំនួន​៥​នាក់ ដែលជា​អ្នកបើកបរ និង​ព្រូ​រថយន្ត ផងដែរ​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ទី​១ ឈ្មោះ ប្រាជ ចាន់ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ស្លសែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម (​អ្នកបើកបរ​) ទី​២ ឈ្មោះ ហេង ហាប អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ (​អ្នកបើក​បរដែរ​) ទី​៣ ឈ្មោះ នី ដួង អាយុ​១៩​ឆ្នាំ រស់​ឃុំ​អំពិល​តា​ពក​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ (​ព្រូ​រថយន្ដ​) ទី​៤ ឈ្មោះ ង៉ូ​វ វ៉ាង​វី អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​៥ ឈ្មោះ វែង សា​វី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​លើ ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្ត​កំពង​ចាម (​ព្រូ​រថយន្ដ​)​។​

​ក្រោយពី​ឃាត់ខ្លួន និង​បាន​សួរនាំ​ពួកគេ​រួចមក ពួកគេ​ឆ្លើយថា ឈើប្រណិត និង​រថយន្ដ​ទាំងនេះ ជា​របស់​លោកស្រី ហេង សំនៀង ហៅ​យាយ​ព្រឿង ជា​ជនជាតិ​វៀតណាម រស់នៅ​ខេត្តស្ទឹងត្រែង ដែលជា​ថៅកែ​ឈើ​ល្បីឈ្មោះ​ម្នាក់​ជា​យូរ​មកហើយ​។ បច្ចុប្បន្ន ឈើ និង​រថយន្ដ​ទាំងនោះ ត្រូវ​កម្លាំង​អាវុធហត្ថ ប្រគល់ជូន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ យកទៅ​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​ធ្វើការ​វាស់វែង និង​រក្សាទុក​។ ចំណែក​ជនសង្ស័យ ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​មន្ទីរ​យុត្តិធម៌​អាវុធ​ហ​ត្ត​ខេត្ត ដើម្បី​កសាង​សំណុំរឿង និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ដ​៕

ចំនួនអ្នកទស្សនា

    20556587

  • ថ្ងៃនេះ13171
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92251
  • ខែនេះ114131
  • ឆ្នាំនេះ114131
  • សរុប20556587