ខេត្តប៉ៃលិន ៖ បន្ទាប់ពីលេចឮតាមបណ្តាខេត្តនានាមួយចំនួនក្នុងប្រទេសកម្ពុជាថា មានករណីក្រុមចោរលួចពន្លះសាច់គោ-ក្របីរបស់ប្រជាពលរដ្ឋ រហូតមកដល់ទល់នេះនៅក្នុងខេត្តប៉ៃលិន ទើបតែមានការភ្ញាក់ផ្អើលជាលើកដំបូង ដោយមេគោផើមមួយក្បាលក្នុងចំណោមហ្វូងគោចំនួន១០ក្បាល ត្រូវក្រុមចោរលួចវាយសម្លាប់មេគោ រួចពន្លះអារយកភ្លៅស្តាំម្ខាង ខណៈម្ចាស់ដឹកទៅចងឱ្យស៊ីស្មៅក្នុងគុម្ពោតព្រៃមួយកន្លែង ក្នុងក្រុងប៉ៃលិន ។ លុះមានក្មេងៗដើរលេងក្បែរនោះ ប្រទះឃើញមេគោនេះ ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះរកម្ចាស់គោ ដើម្បីចុះទៅមើល។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ ឧសភា ២០១៦ ស្ថិតនៅក្នុងគុម្ពោតព្រៃខាងក្រោយអធិការក្រុងប៉ៃលិន ចម្ងាយប្រហែល២០០ម៉ែត្រ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពបន្តថា ម្ចាស់មេគោផើមឈ្មោះទឹម ប៊ុនថាន ហៅចក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអាជីវករកាប់គោលក់ មានប្រពន្ធឈ្មោះ ឈ្មោះដន រតនា អាយុ៣២ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែកឯជនសង្ស័យ បន្ទាប់ពីវាយសម្លាប់មេគោជាប់ចំណង រួចអារយកភ្លៅស្តាំម្ខាង រួចរត់គេចខ្លួនបាត់ស្រមោល ។
ម្ចាស់គោបន្តថា ជារៀងរាល់ព្រឹករូបគាត់តែងតែដឹកយកមេគោផើម១ក្បាល ទម្ងន់ជាង២០០គីឡូក្រាម និងគោញីឈ្មោលតូចធំផ្សេងទៀត ទៅចងឱ្យស៊ីស្មៅនៅក្បែរផ្ទះ និងនៅក្នុងគុម្ពោតព្រៃខាងក្រោយអធិការក្រុងប៉ៃលិន ។ កាលពីវេលាម៉ោង០៦ និង២០នាទីព្រឹក (ថ្ងៃកើតហេតុ) គាត់បានដឹកគោយកទៅចងឱ្យស៊ីស្មៅដូចសព្វមួយដងនៅលើដីមានស្មៅ ខាងក្រោយ សណ្ឋាគារហង្សមាសចាស់ ជាប់នឹងសាលាក្រុងប៉ៃលិន ។
ស្រាប់តែដល់ម៉ោង១០ព្រឹកថ្ងៃដដែល ក៏មានគេមកប្រាប់ថា មេគោរបស់គាត់ត្រូវចោរលួចពន្លះយកសាច់ភ្លៅអស់ម្ខាងបាត់ទៅហើយ គាត់មិនជឿគេនិយាយប្រាប់ឡើយ ព្រោះមិនធ្លាប់មានពីមុនមក ។ លុះដើរទៅដល់ឃើញដូច្នេះមែន ធ្វើឱ្យមានការស្លុតចិត្តយ៉ាងខ្លាំង ។
ម្ចាស់គោបន្តទៀតថា ក្រុមចោរដែលលួចវាយសម្លាប់មេគោរបស់គាត់ គឺសង្ស័យជាក្រុមក្មេងស្ទាវដែលញៀនថ្នាំ ព្រោះបច្ចុប្បន្ន អ្នកប្រើប្រាស់គ្រឿងញៀន មានច្រើនណាស់ អាចពួកគេដាច់លុយវាយសម្លាប់ពន្លះយកសាច់ទៅលក់យកលុយទិញថ្នាំ ញៀនក៏ថាបានដែរ ។ លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលនៅរសៀលថ្ងៃទី២៣ ឧសភា ២០១៦ នេះ ដើម្បីឱ្យចាត់ការជនសង្ស័យទាំងអស់នោះ ៕