ថៃ៖សិស្សសាលាជនជាតិថៃចំនួន ១៧នាក់ ត្រូវបានភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័មក្នុងផ្ទះ ស្នាក់នៅរួមគ្នា ឬហៅអន្តេវាសិកដ្ឋាន កាលពីថ្ងៃអាទិត្យយប់មិញ និងរបួសដោយរលាក ៥នាក់ផ្សេងទៀត នៅខេត្តឆៀងរ៉ៃ។
អគ្គីភ័យបានឆេះក្នុងអន្តេវាសិកដ្ឋាននៃសាលារៀន Pithakkiart Witthaya ក្នុងស្រុក Wiengpapao ម៉ោង ១១យប់។ ក្មេងសិស្សសាលាដែលត្រូវភ្លើងឆេះមានអាយុចាប់ពី ៥ឆ្នាំ ដល់១២ឆ្នាំ។ ផ្ទះខាងលើមានសិស្សស្នាក់នៅសរុប ៣៨នាក់ មកពីតាមភូមិជនជាតិភាគតិចនៃខេត្តឆៀងរ៉ៃ និងឆៀងម៉ៃ មកសិក្សានៅទីក្រុង។
ក្រោយពីមានភ្លើងឆេះ អ្នកជួយសង្គ្រោះបានត្រឹមជម្លៀសសិស្សបានពីរបីនាក់ ប៉ុណ្ណោះ ដោយនៅសល់ប៉ុន្មានជាប់ក្នុងផ្ទះកំពុងឆេះ។ បើតាមប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃ ផ្សាយថា សាកសពជនរងគ្រោះត្រូវភ្លើងឆេះខ្លោចចំណាំលែងបាន។ មន្ត្រីជំនាញជាច្រើនរូប ត្រូវបានគេបញ្ជូនទៅស៊ើបអង្កេតមូលហេតុឆេះហើយនៅព្រឹក ថ្ងៃច័ន្ទនេះ។ សាកសពត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណហើយ៕