ទារក​អាយុ​ទើប​៣​ថ្ងៃ​ឈ្លក់​រហូត​ស្លាប់​​នៅពេល​បុគ្គលិក​សម្ភព​បំបៅ​ទឹកដោះគោ​

24-May-2016 | ដោយ មែន កំសត់


 ​ភ្នំពេញ​៖​គិលានុបដ្ឋាយិកា​"​សម្ភព​សោភា ហ្គោល​"​បាន​បំបៅ​ទឹកដោះគោ​ឲ្យ​ទារក​អាយុ​ទើប​៣​ថ្ងៃ​បណ្តា​ឲ្យ​ឈ្លក់​រហូត ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​កាលម៉ែត​។​ស្ត្រី​ជា​ម្តាយ​ម្នា​ក់បាន យំសោក​សង្រេង​ស្តាយស្រណោះ​កូន​របស់ខ្លួន​ជា​ពន់ពេក បន្ទាប់ពី​កូន​របស់ខ្លួន​ដែល​ទើប​កើត​ឃើញ ពន្លឺ​ថ្ងៃ​បាន​៣​ថ្ងៃ ត្រូវបាន​គិលានុបដ្ឋាយិកា "​សម្ព​ព​សោភា​ហ្គោល​" ខ្វះ​ការប្រុងប្រយ័ត្ន​បំបៅ​ទឹកដោះគោ​ឲ្យ​ឈ្លក់​ស្លាប់​។

​សាច់ញាតិ ជនរងគ្រោះ សូម​ឲ្យ​ក្រសួងសុខាភិបាល​ពិនិត្យ​ទៅលើ​ការផ្តល់សេវា​និង​ការថែទាំ​ទារក​របស់ គិលានុបដ្ឋាយិកា​នៅក្នុង​សម្ភព​មួយ​នេះ​ចៀសវាង​ការបង្ក​ភាព​សោក សៅ​ដល់​អាណាព្យាបាល​ដទៃទៀត​។​
​លោក ពៅ ពុត អាយុ ៣២​ឆ្នាំ​ឪពុក​ទារក​រងគ្រោះ  បាន​ឲ្យ​ដឹង​ទាំង​អារម្មណ៍​ក្តុកក្តួល​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា កាលពី​ថ្ងៃទី​១៩ ខែឧសភា​ឆ្នាំ​២០១៦​ភរិយា​របស់លោក​មាន​ផ្ទៃពោះ​គ្រប់​ខែ​ត្រូវ​ឆ្លងទន្លេ​ហើយ គាត់​ក៏បាន​ដឹក​ទៅ​ឆ្លងទន្លេ​នៅ​សម្ភព​សោភា​ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​

​លោក​ពៅ​ពុត​ដែលមាន​មុខរបរ​លក់​ថ្នាំ​ពណ៌ នៅ​ផ្លូវ​លេខ​២១៨ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក បាន​រៀប​រាប់ទាំង​ខ្សឹកខ្សួល​បន្តថា កូន​របស់ លោក​បាន​កើតមក​ជាមួយ​សុខ​ភាពល្អ​ធម្មតា​។ ក្រោយ​កើត​បាន ៣​ថ្ងៃ ស្រាប់តែ​គិលានុបដ្ឋាយិកា​ម្នាក់ បាន​បំបៅ​ទឹកដោះគោ បណ្តាល​ឲ្យ​ឈ្លក់​ខ្លាំង ហើយ​មិន​ព្រម​បញ្ឈប់​ទៀត បណ្តាលឱ្យ​ទារក​ខ្សោយ​សុខភាព​ទន់​ទៅៗ រួច​ក៏​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​សង្គ្រោះ​។ បន្ទាប់ពី​សង្គ្រោះបាន​បន្តិច​ទារក ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​


​អ្នកស្រី សរ​ចាន់​វាសនា​អាយុ​៣១​ឆ្នាំ​ត្រូវជា​ម្តាយ​ទារក​រងគ្រោះ​បាន​ទ្រហោយំ យ៉ាងខ្លាំង​និង​បាន​ស្តីបន្ទោស​ខ្លួនឯង​ថា​ជា​អ្នក​បណ្តែតបណ្តោយ​ឲ្យ គិលានុបដ្ឋាយិកា បំបៅ​ទឹកដោះគោ​កូន ទើប​នាំ​ឲ្យ​កូន​របស់​អ្នកស្រី​ស្លាប់​បែបនេះ​។ អ្នកស្រី បាន​យំ​ត្អូញត្អែ​យ៉ាង​ដូច្នេះ "​កូន​ខ្ញុំ​បាន​ស្លាប់​ហើយ នេះ​គឺ​មកពី​ការធ្វេសប្រហែស​របស់ខ្ញុំ​ខ្ញុំ​ជា​ម្ដាយ​ភ្លើរ​បំផុត​ខ្ញុំ មិនចេះ​មើល​កូន​ខ្ញុំ​ឲ្យ​ពួក​មី​ពេទ្យ​ឆ្កួត​បំបៅ​ទឹកដោះគោ​កូន​ដល់​ឈ្លក់ ស្លាប់​ហើយ​នេះ​ជា​មេរៀន ជីវិត​ដ៏​ឈឺចាប់​របស់ខ្ញុំ សូម​បងប្អូន​កុំ​ទុកចិត្ត​អ្នកណា​ក្រៅពី​ខ្លូន​ឯង​ឱ្យសោះ​"​។​


​ក្រុមគ្រូពេទ្យ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​អះអាង ការស្លាប់​របស់​ទារក គឺ​បណ្តាលមកពី​ឈ្លក់​ទឹកដោះគោ​ជ្រាប​ដល់​សួត បុក​ទៅដល់​បេះដូង បណ្តាលឱ្យ​ឈាម​ដើរ​ប​ញ្ជ្រា​ស​ហើយក៏​ស្លាប់​តែម្តង​។​លោក​ពៅ​ពុត​បាន​ឲ្យ ដឹងថា​ការ​សម្រាល​នៅ​សម្ភព​សោភា​ហ្គោល​លោក​ត្រូវ​ចំណាយ​ថ្លៃ​សម្រាល​និង ស្នាក់នៅ​៥​យប់​៥​ថ្ងៃ​ចំនួន​៨០០​ដុល្លារ​។​
​លោក​ពៅ​ពុត​បាន បញ្ជាក់ទៀតថា​ការធ្វេសប្រហែស​របស់​គិលានុបដ្ឋាយិកា​នៅក្នុង​សម្ភព​ជា កំហុសឆ្គង​មួយ​ដ៏​ធ្ងន់​ណាស់​ទៅហើយ ដែល សម្ភព​គួរតែ​ព្យាយាម​ជួយសង្គ្រោះ​ដល់​កូន​របស់លោក តែ​សម្ភព​បែរជា​ទារលុយ ១០០​ដុល្លារ សម្រាប់​ការដឹក​ទារក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ថែមទៀត​។  លោក ពៅ ពុត បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​កាយវិការ​របស់ "​សម្ភព​សោភា​ហ្គោល​"​។​

​ទាក់ទិន​បញ្ហា​ស្លាប់​ទារក​ដែល​ឪពុកម្តាយ បាន​អះអាងថា​បណ្តាលមកពី​គិលានុបដ្ឋាយិកា​"​សម្ភព​សោភា​ហ្គោល​"​មានការ ធ្វេសប្រហែស​ក្នុងការ​បំបៅ​រហូត​ឲ្យ​ទារក​ស្លាប់​នោះ​គេហទំព័រ​រស្មី កម្ពុជា​មិនទាន់មាន​ការបំភ្លឺ​ពី​ខាង​"​សម្ភព​សោភា​ហ្គោល​"​នៅឡើយ​ទេ​នា ល្ងាច​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​
​ប៉ុន្តែ​ទោះជា​យ៉ាងណា សាធារណជន​ដែល​បានទទួល​ព័ត៌មាន​នេះ​បាននាំគ្នា​សម្តែង​ការខឹង​សម្បា​ខ្លាំង ចំពោះ​ភាព​ធ្វេសប្រហែស​របស់​គិលានុបដ្ឋាយិកា​នៅក្នុង​"​សម្ភព​សោភា​"​ហើយ ពួកគេ​ស្នើឱ្យ​ក្រសួងសុខាភិបាល​មាន​វិធានការ​ចំពោះ​សម្ភព​ខាងលើ​ចៀសវាង​បង្ក ភាព​សោកសង្រេង​បែបនេះ​បន្តទៅទៀត​៕

ចំនួនអ្នកទស្សនា

    20555547

  • ថ្ងៃនេះ12131
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91211
  • ខែនេះ113091
  • ឆ្នាំនេះ113091
  • សរុប20555547