សៀមរាប ៖មន្ត្រីសមត្ថកិច្ចអាវុធហត្ថក្រុងសៀមរាបបានបញ្ជាក់ថាស្ត្រីជនជាតិ អាមេរិកកាំងម្នាក់ ស្រវឹងស្រា បានធ្លាក់ពីលើសណ្ឋាគារជាន់ទី២ បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យRoyal Angkor International។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាបនោះបានកើតឡើងនៅ ចំណុចសណ្ឋាគារ FUNKYFLASH PACKER ជាន់ទី២ ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ។
ប្រភពពីកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថាស្ត្រីរងគ្រោះ មានឈ្មោះ Worthy Rachel Marieអាយុ៣១ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍។ មូលហេតុដែលស្ត្រីជនជាតិអាមេរិកម្នាក់នោះបានធ្លាក់ពីលើសណ្ឋាគារនៅ ជាន់ទី២ បណ្តាលឱ្យរបួសធ្ងន់គឺ មកពីស្ត្រីរូបនេះបានផឹកស្រាមួយយប់ទល់ភ្លឺ ទើបបណ្តាលឱ្យស្រវឹង ហើយមកអង្គុយនៅជិតមាត់បង្អួច ក្នុងបន្ទប់ដេក មិនប្រយ័ត្ន ធ្លាក់មកក្រោមតែម្តង។
បច្ចុប្បន្នស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនភ្លាមៗ តាមរថយន្តសង្គ្រោះ វ៉េង វុឌ្ឍី យកទៅមន្ទីរពេទ្យ Royal Angkor International។បើតាមសម្តីរបស់គ្រូពេទ្យបានប្រាប់ថាមកដល់រសៀល ថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៦នេះស្ត្រីរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយ ។ គួរបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកម្នាក់នេះ ដែលសមត្ថកិច្ចជួយសង្គ្រោះ ព្រោះស្រវឹងស្រា ធ្លាក់ពីលើសណ្ឋាគារជាន់ទី២នោះ តាមការសន្និដ្ឋានប្រហែលសង្ឃឹមតិចតួចណាស់ដែលនៅរស់ ព្រោះវាធ្លាក់ពីលើមកក្រោមខ្ពស់ពេក៕