ស្ទឹងត្រែង៖យុវជនម្នាក់ត្រូវគេកាប់ពីក្រោយពេល កំពុងជិះម៉ូតូចេញពីក្លិបកម្សាន្តកាឡាក់ស៊ីនៅភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សីក្រុងស្ទឹងត្រែងកាលពីរំលងអាធ្រាត្រចូលថ្ងៃទី ២២ខែឧសភាឆ្នាំ២០១៦។ ហេតុការណ៍នោះ បណ្តាលឱ្យជនរងគ្រោះ រងរបួសរយះក្បាលធ្លាយខួរតែមិនស្លាប់ ត្រូវគេជួយសង្គ្រោះដឹកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង និងបន្តទៅមន្ទីរពេទ្យប្រទេសវៀតណាម។ រីឯសមត្ថកិច្ចមិនទាន់បានចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ នៅឡើយទេ។
ប្រភពព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថា យុវជនដែលត្រូវ គេកាប់ឱ្យរបួស ឈ្មោះផង អឹម អាយុ២២ឆ្នាំមានទីលំនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី។ មុនពេលកើតហេតុជនរងគ្រោះមកពីខេត្តរតនគិរី ស្នាក់នៅកន្លែងជួសជុលយានយន្តនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ យប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះផងអឹម និងមិត្តភក្តិពីរនាក់ទៀតជិះម៉ូតូមួយគ្រឿងចូលទៅផឹកស៊ីរាំសប្បាយ នៅក្នុងមជ្ឈមណ្ឌលក្លិបកម្សាន្តកាឡាក់ស៊ី។ ផឹកស៊ីដល់ម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ឧសភា ក៏នាំគ្នាបីនាក់ជិះម៉ូតូមួយគ្រឿងចេញពីក្លិបទៅកាន់កន្លែងជួសជុល យានយន្តនៅក្បែរនោះវិញ។
ប៉ុន្តែពេលជិះម៉ូតូចេញពី ក្លិបកម្សាន្តកាឡាក់ស៊ីភ្លាមក៍ស្រាប់តែមានជនមិនស្គាល់មុខកាប់ ចំក្បាលហូរឈាមតែម្តង។ភ្លាមនោះអ្នកជិះម៉ូតូបាននាំគ្នាបើករត់និងយក ជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនិងបន្តទៅពេទ្យ វៀតណាម។ក្រុមសាច់ញាតិបានឱ្យដឹងថាជនរងគ្រោះដែលគេកាប់ត្រូវគឺជា អ្នកអង្គុយលើម៉ូតូនៅពីក្រោយ។ហេតុការណ៍ខាងលើនេះក៍មិនមាន សមត្ថកិច្ចណាចេញមុខអន្តរាគមន៍ភ្លាមៗឡើយ។ប្រជាពលរដ្ឋបានឱ្យដឹងថា ថៅកែមជ្ឈមណ្ឌលក្លិបកម្សាន្តកាឡាក់ស៊ី គឺជានគរបាលដ៍មានអំណាចម្នាក់ក្នុងសង្គម។
ជុំវិញហេតុការណ៍ នេះគ្រួសារជនរងគ្រោះបានប្រាប់ថាមិនដឹងមកពីមូលហេតុអ្វីទេបានជា កាប់យុវជនម្នាក់ឱ្យរងរបួសជាទម្ងន់នោះ។ជនរងគ្រោះមិនទាន់ដឹងខ្លួន នៅឡើយទេខណៈពេលនេះកំពុងសង្គ្រោះជីវិតនៅមន្ទីរពេទ្យប្រទេសវៀតណាម។ កាលពីព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦ជនរងគ្រោះត្រូវសាច់ញាតិដឹក ចេញពីមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងទៅកាន់មន្ទីរពេទ្យខេត្តរតនគិរី រួចបន្តទៅប្រទេសវៀតណាមដោយសារតែស្ថានភាពអ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរ ។ប្រជាពលរដ្ឋរស់នៅក្បែរក្លិបកម្សាន្តបានឱ្យដឹងថាក្លិបកម្សាន្ត កាឡាក់ស៊ីហាក់ដូចជាគ្មានការគ្រប់គ្រងច្បាស់លាស់លើផ្នែកសន្តិសុខ។ កន្លងមកតែងតែមានករណីកាប់គ្នាញឹកញាប់ហើយក៍គ្មានការចុះអន្តរាគមន៍ពី កម្លាំងសមត្ថកិច្ចភ្លាមៗដែរ។ចំពោះការបើកតន្ត្រីនៅក្នុងក្លិប កម្សាន្តនោះវិញឃើញថាស្ទើតែរាល់ថ្ងៃបន្លឺសំលេងរំខានដល់ការរស់នៅ ប្រជាពលរដ្ឋជុំវិញនោះរហូតដល់ម៉ោង៥ភ្លឺក៍មាន។
ករណី កាប់គ្នានៅក្លិបកម្សាន្ត ភាគច្រើនបង្កឡើងដោយ ក្រុមក្មេងពេញវ័យ ដើរលេងផឹកស៊ីចូលក្លិបនៅពេលយប់អាធ្រាត្រ។ សុំឱ្យខាងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពខេត្តមានលោកម៉ុមសារឿន អភិបាលខេត្តស្ទឹងត្រែង ត្រូវតែចាត់វិធានការដល់ម្ចាស់ក្លិបកម្សាន្ត ឱ្យមានរបៀបរៀបរយ និងទទួលខុសត្រូវចំពោះមុខច្បាប់។ បើពុំនោះទេប្រជាពលរដ្ឋនឹងអស់ជំនឿ លើការដឹកនាំលោកអភិបាលខេត្តស្ទឹងត្រែង ដែលបណ្តោយឱ្យមានបញ្ហាអសន្តិសុខកើតឡើងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង ភាពភ័យព្រួយ ចំពោះសង្គមបច្ចុប្បន្ននេះ ប្រព្រឹត្តិឡើងដោយក្រុមយុវជន។ គេសង្ស័យថា ជនបង្កគ្រោះថ្នាក់ដល់សង្គមនោះអាចជាអ្នកប្រើប្រាស់គ្រឿងហើយ សមត្ថកិច្ចមិនបង្ក្រាប៕