រាជធានីភ្នំពេញ ៖ នារីម្នាក់បានស្រលាញ់បុរសជាប្តីគេលួចលាក់ ហើយពេលកំពុងដើរលេងនោះ ត្រូវស្ត្រីជាប្រពន្ធដើមទូរស័ព្ទមកបុរសជាប្តី ស្រាប់តែនារីឌឺដង និងបញ្ឈឺគេចុះឡើងៗ ខាងភាគីប្រពន្ធទ្រាំលែងនាំគ្នាមកវាយយ៉ាងចាស់ដៃ បណ្តាលឱ្យនារីនោះជាំភ្នែកម្ខាង ។ បន្ទាប់មកនារីរងគ្រោះនោះ ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ កាលពីព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៦ ។
ហេតុការណ៍វាយគ្នានេះ គឺកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកន្លែងលក់មីឆាមួយកន្លែង តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ប្រភពឱ្យដឹងថា នារីរងគ្រោះដែលយកប្តីគេនោះ ឈ្មោះសៀង ហុង អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានស្រុកកំណើតនៅភូមិទឹកអង្តូង ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ។ ចំណែកបុរសប្តីគេឈ្មោះស៊ីន អាយុ២៦ឆ្នាំ ជាអ្នកលក់ទូរស័ព្ទនៅផ្សារទំនប់ ហៅផ្សារ «ងិន អាន» ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានស្រុកកំណើតនៅខេត្តកំពត (មានប្រពន្ធ និងកូនប្រុស២នាក់) ។
បើតាមនារីស្រលាញ់ប្តីគេបានរៀបរាប់ថា នាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបុរសជាប្តីគេ រយៈពេលជាង១ឆ្នាំមកហើយ តាមរយៈនាងទៅទិញស៊ីមទូរស័ព្ទ ដោយបុរសនោះបានលួងលោមសុំស្នេហ៍នាង ។ ហើយការរស់នៅលួចលាក់ជាមួយគ្នា គឺមិនមានកូននោះទេ ដោយបុរសនោះតែងតែបបួលនាងដើរលេង និងនាំគ្នាទៅមានសេចក្តីសុខជារឿយៗ ។
លុះនៅវេលាយប់កើតហេតុ ពួកគេទាំង២នាក់នាំគ្នាមកហូបមីឆានៅតាមផ្លូវលេខ៥៩៨ (កន្លែងកើតហេតុ) ។ ស្រាប់តែប្រពន្ធដើម បានទូរស័ព្ទមកសួរបុរសជាប្តីថា «នៅទីណា ចូលផ្ទះអត់?» ត្រូវបុរសនោះឆ្លើយតបទៅវិញថា «នៅកន្លែងលក់ទូរស័ព្ទផ្សារទំនប់» ខណៈនោះដែលកំពុងនិយាយទូរស័ព្ទមិនទាន់បិទផង នាងបានស្រែកបន្ទរថា «ប្តីជាប់រវល់នៅជាមួយស្រី» ។
ក្រោយមក ស្ត្រីជាប្រពន្ធដើមដឹងរឿង បានហៅបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងឌុបគ្នាមកដល់ ហើយនាងក៏សួរទៅបុរសជាប្តីថា «រវាងប្រពន្ធ និងនាង យកមួយណា?» ហើយទំនាស់គ្នាបែកផ្សែងតែម្តង ។ ចំណែកបុរសដែលមកជាមួយប្រពន្ធដើម ក៏ស្ទុះទៅដាល់នាងចំមុខខាងស្តាំចំនួន២ដៃ បណ្តាលឱ្យជាំភ្នែក រួចគេចខ្លួនបាត់ ។ដោយនាងមិនសុខចិត្ត ទើបធ្វើដំណើរមកប្តឹង តែត្រូវនគរបាលប៉ុស្តិ៍ទួលសង្កែ បានណែនាំឱ្យទៅប្តឹងនៅប៉ុស្តិ៍បឹងកក់ទី១វិញ ព្រោះករណីហិង្សានេះ កើតនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ។ នារីនោះឱ្យដឹងទៀតថា ការមកប្តឹងនេះ គឺនាងចង់ឱ្យប្តី-ប្រពន្ធខាងលើ ចេញមុខមកដោះស្រាយទេ ដោយនាងត្រូវទាមទារជំងឺចិត្តការខូចខាតខ្លួនប្រាណចំនួន១ពាន់ ដុល្លារ រួចឈប់ទាក់ទងហើយប្តីគេនោះ ។