ខេត្តបន្ទាយមានជ័យ ៖ រឿងរ៉ាវស្នេហារវាងគ្រួសារមួយ និងបុរសម្នាក់ កើតឡើងនៅក្រុងប៉ោយប៉ែត ដែលស្ត្រីម្នាក់មានផ្ទៃពោះ៣ខែចោទថាបុរសនោះទៅរៀបការជាមួយស្រី ថ្មីនៅឯក្រុងសិរីសោភ័ណ បន្ទាប់ពីខាងស្រីដឹកដៃម្តាយកូនទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋាន អាវុធហត្ថទាមទាររកយុត្តិធម៌ ខាងប្រុសបែជាទៅដាក់បណ្តឹងនៅអធិការនគរបាលក្រុងពីបទបរិហា កេរ្តិ៍ទៅវិញ ។
ករណីស្រីប្រកាន់ប្រុសប្រកែកនេះបន្ទាប់ពីសារព័ត៌មានក្នុងស្រុក ក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុកបានយកទៅផ្សព្វផ្សាយ និងបង្ហោះព្រោងព្រាត បានធ្វើឲ្យបុរសជាប់ចោទឈ្មោះ យ៉ាំ ធូឈីង អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់គ្រឿងសំណង់មួយនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានកើតការក្តៅក្រហាយហើយចេញមុខទៅបកស្រាយ និងដាក់ពាក្យបណ្តឹងពីគ្រួសារមួយដែលមានម្តាយជាស្ត្រីមេម៉ាយឈ្មោះ យឿន លីណា អាយុ៤៧ឆ្នាំ និងកូនស្រីឈ្មោះ សាន ដាណែត អាយុ២៣ឆ្នាំ នៅអធិការនគរបាលក្រុងពីបទបរិហាកេរ្តិ៍ថា ខ្លួនមិនដែលជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវចោទប្រកាន់ខាងលើឡើយ ។
លោក ណុប សាវុធ នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់«កោះសន្តិភាព»តាមទូរស័ព្ទថា កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦ បុរសឈ្មោះ យ៉ាំ ធូឈីង បានទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយដាក់ពាក្យបណ្តឹងពីស្ត្រី២នាក់ម្តាយកូនខាងលើពីបទបរិហាកេរ្តិ៍ ដោយបុរសនោះបដិសេធថា មិនដែលមានជាប់ពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ សាន ដាណែត រឿងកូនក្នុងផ្ទៃ៣ខែនោះទេ ។ នគរបាលរូបនេះបន្តថា ក្នុងបណ្តឹងបុរសខាងលើមិនបានរៀបរាប់បញ្ចូលពីរឿងរូបថតដែលមានរូប ខ្លួន និងស្ត្រីឈ្មោះ សាន ដាណែត ថតឈុតអាពាហ៍ពិពាហ៍ ដែលគេយកទៅផ្សព្វផ្សាយ ឬបង្ហោះនោះទេ ប៉ុន្តែលោកថា បុរសនេះបានបដិសេធថាជារូបមិនពិត ឬរូបថតដែលយកទៅកាត់ត ទើបខ្លួនកើតទុកមិនសុខចិត្តដាក់ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍យ៉ាង ដូច្នេះ ។
លោកអធិការនគរបាលក្រុងប៉ោយប៉ែតបន្តថា កាលពីថ្ងៃទី២៣ឧសភាម្សិលមិញ ភាគី២នាក់ម្តាយកូនបានចូលទៅកាន់អធិការដ្ឋាននគរបាលក្រុងតាមការ អញ្ជើញរបស់សមត្ថកិច្ច ចំណែកភាគីដើមបណ្តឹងឈ្មោះ យ៉ាំ ធូឈីង ដែលក្រោយដាក់បណ្តឹងប្រាប់ថានឹងឲ្យបងប្រុសឈ្មោះ យ៉ាំ ធូឈី និងមេធាវី ចូលជំនួស មកទល់នឹងពេលនេះមិនទាន់ឃើញចូលខ្លួននៅឡើយទេ ។រឿងរ៉ាវស្រីប្រកាន់ប្រុសប្រកែកនេះថ្វីត្បិតតែឈ្មោះ យ៉ាំ ធូឈីង បានបដិសេធរាល់ការចោទប្រកាន់នានាពីគ្រួសារ២នាក់ម្តាយកូន ប៉ុន្តែកន្លងមកស្ត្រីឈ្មោះ យឿន លីណា ជាម្តាយរបស់ឈ្មោះ សាន ដាណែត ធ្លាប់បានលើកឡើងប្រាប់ក្រុមអ្នកយកព័ត៌មានថា បុរសខាងលើបានរស់នៅជាមួយកូនស្រីគាត់ជិតមួយឆ្នាំ និងធ្វើឲ្យកូនគាត់មានផ្ទៃ៣ខែទៀត ។ មិនតែប៉ុណ្ណោះស្ត្រីខាងលើលើកឡើងថា បុរសនេះបាននាំកូនគាត់ទៅសុំដាក់ពាក្យរៀបអាពាហ៍ពិពាហ៍ជុំគ្នានៅ សាលាឃុំម៉ាឡៃ តែអាជ្ញាធរមិនទាន់ទទួលយកឯកសារនោះព្រោះបុរសខាងលើមិនទាន់មាន លិខិតបញ្ជាក់ពីភាពនៅលីវឡើយ ។ គាត់បន្តថា បុរសនោះបានទាំងនាំកូនគាត់ទៅថតរូបឈុតអាពាហ៍ពិពាហ៍ដើម្បីទុកដាក់ តាំងមុខរោងមង្គលការ២-៣ឈុតថែមទៀត ហើយគាត់ក៏វ័នកផងដែរដោយសារតែជឿស្លុយបានទៅដើរកក់ភ្នួង, ម្ហូប, ភ្លេង និងកាមេរ៉ារួចទៅហើយ ទីបំផុតបុរសនេះទៅរៀបការជាមួយស្រីថ្មីនៅឯក្រុងសិរីសោភ័ណ ដែលស្ត្រីនោះមានប្រភពថា ជាបុគ្គលិកធនាគារមួយនៅក្រុងប៉ោយប៉ែត ។ ស្ត្រីរូបនេះបានទម្លាយកាផ្ញើរសារតាមប្រព័ន្ធទូរស័ព្ទពីបុរស យ៉ាំ ធូឈីង ក្នុងថ្ងៃដែលគេកំពុងរៀបអាពាហ៍ពិពាហ៍ ដោយសុំឲ្យគាត់ស្ងាត់ស្ងៀមសិនកុំឲ្យក្លាយជារឿងធំអី ។
រូបឈុតអាពាហ៍ពិពាហ៍រវាងបុរសជាប់ចោទ និងស្ត្រីឈ្មោះ សាន ដាណែត ថ្វីត្បិតតែបុរសនេះបានបដិសេធថា ជារូបមិនពិត ឬជារូបភាពកាត់ត តែយោងការជួបសម្ភាសផ្ទាល់ជាមួយនារីម្នាក់ជាអ្នកមើលការខុសត្រូវ នៅហាងថតរូបមួយកន្លែងក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត បានប្រាប់«កោះសន្តិភាព»ថា រូបភាពខាងលើគឺនាងជាអ្នកតែងឈុតសម្លៀកបំពាក់ផ្ទាល់ដៃ ហើយថាថ្ងៃថតនោះគឺខាងស្រីនាងតែងឲ្យមុនបុរសខាងលើស្លៀកពាក់ឈុត តាមក្រោយ ហើយបានថតជុំគ្នាយ៉ាងពិតប្រាកដមែន មិនមែនជារូបភាពកាត់តនោះទេ ។ ម្យ៉ាងវិញទៀតលោក ឌឹម សុខ មេឃុំម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ក៏បានប្រាប់តាមទូរស័ព្ទផងដែរថាកាលពីថ្ងៃមុនបុរសខាងលើបាននាំ នាង សាន ដាណែត ទៅកាន់សាលាឃុំ ដើម្បីសុំដាក់ពាក្យរៀបអាពាហ៍ពិពាហ៍ ជុំគ្នាមែន តែខាងលោកមិនទាន់អនុញ្ញាតឲ្យ ព្រោះបុរសនោះមិនទាន់មានលិខិតបញ្ជាក់ពីភាពនៅលីវ ។
គួរបញ្ជាក់ថា ករណីនេះខាងស្រីបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថក្រុង ប៉ោយប៉ែតពីបុរសខាងលើដើម្បីទាមទាររកយុត្តិធម៌ តែប្រភពពីមន្ត្រីអាវុធហត្ថថា បុរសនោះបានសុំលើកពេលចូលបំភ្លឺនៅថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០១៦ ហើយបុរសនោះក៏បានទៅដាក់ពាក្យបណ្តឹងតបតស្ត្រី២នាក់ម្តាយកូនពីបទ បរិហាកេរ្តិ៍វិញផងដែរ ។ គេចាំមើលថា តើភាគីទាំង២ តើភាគីមួយណាជាអ្នកទទួលបាននូវភាពយុត្តិធម៌ ។
ជុំវិញបញ្ហាខាងលើឈ្មោះ យ៉ាំ ធូឈីង «កោះសន្តិភាព» បានព្យាយាមទាក់ទងដើម្បីសុំការបំភ្លឺតាមលេខទូរស័ព្ទ 070333141 ចុចចូល៣ដងតែគ្មានអ្នកទទួល ខណៈលេខទូរស័ព្ទឈ្មោះ យ៉ាំ ធូឈី ជាបងប្រុសរបស់បុរសនេះ និងមេធាវី នគរបាលក្រុងប៉ោយប៉ែត ប្រាប់ថាមិនស្គាល់ ៕