ឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវជនដៃដល់ប្រើអំពើហិង្សាទាញកាំបិតខ្វែវដងវែងដេញ កាប់៣កាំបិតបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិត្រពាំងធំ ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសទាំង២នាក់នេះ មានជម្លោះប្រកែកគ្នាពីរឿងដីចំការ យ៉ាងតឹងសរសៃករៀងៗខ្លួន បន្តិចក្រោយមកគេបានឃើញជនដៃដល់ស្ទុះទៅទាញកាំបិតខ្វែវដងវែងដេញ កាប់ជនរងគ្រោះចំនួន៣កាំបិតបណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម កុំតែបានអ្នកភូមិរត់ទៅជួយកុំអី ជនដៃដល់កាប់រហូតដល់ស្លាប់បាត់ទៅហើយ។
អ្នកភូមិបានអះអាងថា ជនដៃដល់រូបនេះតែងតែបង្កជម្លោះជាមួយអ្នកភូមិស្ទើរតែគ្រប់គ្នាទៅ ហើយ កន្លងមកជនដៃដល់រូបនេះបានដេញកាប់គេឯងជាញឹកញាប់ នឹងបានដាក់ពាក្យបណ្តឹងទៅនគរបាលជាច្រើនដងដែរ តែគ្មានចំណាត់ការទាល់តែសោះបានត្រឹមនាំខ្លួនធ្វើការសាកសួររួចដោះ លែងវិញ។ លោកវរៈសេនីយ៍ទោ ងួន ធីរិទ្ធមេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងថា មុនពេលធ្វើការឃាត់ខ្លួនជនដៃដល់រូបនេះ ដោយមានពលរដ្ឋរាយការណ៍តាមទូសព្ទមកថា មានជម្លោះគ្នាឈានដល់ប្រើអំពើហិង្សាកាប់ចាក់គ្នា ភ្លាមៗនោះលោកបានបញ្ជាលោកអនុសេនីយ៍ឯក ហ៊ើន សំបោន ផ្នែកស្រាវជ្រាវ និងព្រហ្មទណ្ឌអាវុធហត្ថស្រុកអន្លង់វែង បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួននាំយកមកទីបញ្ជាការដើម្បី ធ្វើការសាកសួរ។
លោកបានបញ្ចាក់ថា យោងតាមចម្លើយជនដៃដល់ឈ្មោះ អុន យ៉ាន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានឆ្លើយសារភាពថា ខ្លួនបានកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាយ ធីម ភេទប្រុស អាយុ៥០ឆ្នាំចំនួន៣ខ្វែវ ទី១ត្រូវចំថ្ងាស ទី២ត្រូវចំថ្ពាល់ ទី៣ត្រូវចំដៃពិតប្រាកដមែន យោងតាមចម្លើយសារភាព រួមទាំងវត្ថុតាងលោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅ តុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យចាត់ការតាមនីតិវិធីច្បាប់៕