ភ្នំពេញ៖គួរអោយអាណិតណាស់ដែលស្ត្រី វ័យក្មេងដ៏ស្រស់ស្អាតម្នាក់បានបាត់បង់ស្វាមីដែលទើបរៀបការបាន ប្រមាណមួយខែក្រោយពីបានដាច់ខ្យល់ស្លាប់បន្ទាប់ពីបានចាក់ថ្នាំនៅ គ្លីនិកឃឹម រ៉ានីនិងកាន់តែអាណិតទៀតនោះពេលនេះនាងបានធ្វើការអំពាវនាវអោយ សមត្ថកិច្ចជួយរកយត្តិធម៌ ខណៈដែលម្ចាស់គ្លីនិចបានចេញមកបកស្រាយក្នុងFacebookថាការស្លាប់ នេះមិនមែនជាកំហុសរបស់គ្លីនិករបស់លោកស្រី។
ប្អូនស្រី សុខ រដ្ឋមុនី ជាភរិយាវ័យក្មេងរបស់ជនរងគ្រោះឈ្មោះ ឡាំ តៅគង់ វ័យ២៨ឆ្នាំដូចគ្នដែលបានស្លាប់ក្រោយចាក់ថ្នាំនៅគ្លីនិក ឃឹម រ៉ានី កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ អ្នកនាងបានផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍PNNថាប្តីរបស់នាងមិន បានឈឺអ្វីធ្ងន់ធ្ងរឡើយ ស្រាប់តែគ្រូពេទ្យនៅគ្លីនិកនេះចាក់ថ្នាំសម្លាប់តែម្តង។
នាងបាននិយាយប្រាប់ដូច្នេះថា"គេចាក់ហើយមួយសម្ទុះរាងធូរបន្តិច បានបីទៅបួននាទីក្រោយមក គាត់ប្រកាច់បែកពពុះមាត់តែម្តង។ពេលបែកពពុះមាត់ គេចាប់ផ្តើមយកអុកស៊ីសែនជួយភ្លាមហើយរុញដាក់ឡាន។ពេលដាក់ឡាន គេបីទ្វារអត់អោយយើងអង្គុយនៅខាងក្រោយទេ គេដេញយើងអោយទៅអង្គុយខាងមុខ អ៊ីចឹងមនុស្សហ្នឹងមិនដឹងស្លាប់ពេលណឹងក៏មិនដឹងដែរ...ពេលទៅដល់ ពេទ្យកាល់ម៉ែត ខ្ញុំសួរពេទ្យថាម៉េចអីៗចឹង គេថាមនុស្សហ្នឹងដាច់ខ្យល់មុនមកដល់ម្ល៉េះ ចឹងកាល់ម៉ែត្រគេអត់ទទួលខុសត្រូវទេ"។
ជាចុងក្រោយអ្នកនាងនិងក្រុមគ្រួសារស្នើសុំសមត្ថកិច្ចជួយរកយុត្តិធម៌អោយបន្ថែមលើការបិទគ្លីនិចនេះ។ ទោះជាយ៉ាងណាមុននេះ ម្ចាស់គ្លីនិកឃឹម រ៉ានី បានធ្វើការបកស្រាយតាមFacebook ដោយអះអាងថា អាការរបស់អ្នកជម្ងឺធ្ងន់ធ្ងរ គឺឈឺខ្នងនិងក្បាលខ្លាំងហើយបានរត់ចូលមកអោយពេទ្យជួយសង្គ្រោះ៕
ម្ចាស់គ្លីនិកដែលគេដឹងថាជាមន្ត្រីយោធាមានខ្សែធំ បន្តទៀតថា លោកស្រីមិនបានពិនិត្យថាអ្នកជម្ងឺឈឺអ្វីទេ តែហេតុតែអ្នកជម្ងឺរត់ចូលមកអោយជួយសង្គ្រោះ"ខ្ញុំក៏ធ្វើការជួយ សង្គ្រោះដើម្បីបញ្ជូនបន្តទៅពេទ្យធំ ព្រោះឃើញអាការៈគាត់ធ្ងន់ធ្ងរពេកហើយ។ ការជួយសង្គ្រោះ តាមការដាក់អុកស៊ីសែន ធ្វើចលនាបេះដូងនិងចាក់ថ្នាំបំបាត់ការឈឺចាប់ដើម្បីបញ្ជូនទៅ កាល់ម៉ែត ជាចៃដន្យគាត់បានទៅដល់ទីនោះបន្តិចក៏ដាច់ខ្យល់ស្លាប់ទៅ។អ៊ីចឹង អាការរបស់គាត់ តាមរយៈរោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍កាល់ម៉ែត ឃើញថាគាត់មានជម្ងឺបេះដូងធ្ងន់ធ្ងរ...ដូច្នេះគាត់ស្លាប់ដោយ គាំងបេះដូង មិនមែនដោយសារការចាក់ថ្នាំរបស់ខ្ញុំទេ...។
តែម្តាយក្មេករបស់ជនរងគ្រោះ បានអះអាងប្រាប់ទូរទស្សន៍ថា កូនប្រសាររបស់គាត់មិនដែលមានប្រវត្តិកើតរោគបេះដូងទេ។
ចាំមើលថាតើអាជ្ញាធរនឹងដោះស្រាយយ៉ាងណាបន្តទៀតបន្ទាប់ពីបិទ គ្លីនិកមួយនេះអោយឈប់អោយធ្វើអាជីវកម្ម ឬក៏ដូចគ្រួសារជនរងគ្រោះថា បិទហើយទៅបើកវិញគ្រាន់តែដូរឈ្មោះថ្មី តែគ្រូពេទ្យដដែល៕