ខេត្ដពោធិ៍សាត់ ៖ ជនដាច់ដាបរំលោភ មេជ្រូកផើមពីរខែដែលរត់គេចខ្លួន ឥឡូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដោយសារជននេះទៅវាយបង្ករបួសស្នាម និងប្រព្រឹត្ដអំពើចោរកម្មក្នុងភូមិបន្ដទៀត ។លោកអនុសេនីយ៍ទោ ប៉ិច ស៊ីផាន់ នាយប៉ុស្ដិ៍រដ្ឋបាលផ្ទះព្រៃឱ្យដឹងថា ជនរំលោភមេ ជ្រូកនេះឈ្មោះនួន សុខរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឃាត់ខ្លួននៅ ថ្ងៃទី២២ខែឧសភា វេលាម៉ោង៧និង ២០នាទីព្រឹក ខណៈពេលលបលួចចូលមកសម្ងំពួនក្នុងផ្ទះ ។ការឃាត់ខ្លួនបានធ្វើឡើង តាមដើមបណ្ដឹងចំនួន៣ ទី១-ករណីរំលោភ មេជ្រូក និងលួចនំធុងរបស់ស្ដ្រីឈ្មោះខុន សារ៉ាន់ អាយុ៤០ឆ្នាំ កាលពីថ្ងៃទី៦ មករា វេលាម៉ោង៣រសៀល។
ទី២-តាមពាក្យ បណ្ដឹងរបស់ជនរងគ្រោះឈ្មោះចាន់ វណ្ណៈ ហៅពន្លក ភេទប្រុស អាយុ២២ឆ្នាំ ដែលចោទប្រកាន់ពីបទវាយបង្ករបួសស្នាមនៅម្ដុំ វត្ដពាលញែក កាលពីថ្ងៃទី៧ មករា វេលា ម៉ោង១១យប់ និងទី៣-តាមពាក្យបណ្ដឹង របស់ឈ្មោះង៉ែត សុវុន ភេទប្រុស អាយុ៣០ ឆ្នាំ នៅភូមិចំការចេកខាងជើងដូចគ្នាពីបទ លួចស្រូវមួយបាវ ។
លោកប៉ិច ស៊ីផាន់ មាន ប្រសាសន៍ថា ជនរំលោភមេជ្រូកនេះជាមុខ សញ្ញាសេពគ្រឿងញៀនផង ប៉ុន្ដែលើកនេះ ក្រោមចំណាត់ការរបស់លោកវរសេនីយ៍ត្រី ប៊ិន វណ្ណា អធិការនគរបាលក្រុងពោធិ៍សាត់ ដែលលោកបានរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ក្នុង ការបង្ក្រាបក្មេងទំនើង ចោរកម្ម ការវាយបង្ក របួសស្នាមផ្សេងៗ និងគ្រឿងញៀន ដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋក្នុងក្រុង នោះ ទើបមិនឱ្យជនដែលបានប្រព្រឹត្ដបទល្មើសគេចផុតពីសំណាញ់សមត្ថកិច្ច ឡើយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានរំលោភមេជ្រូក លួចស្រូវ និងបង្ករបួសស្នាមពិតប្រាកដមែន។ គេបានប្រាប់ថា រូបគេខូចខ្លួនចេះជក់ថ្នាំញៀន រយៈពេល២ខែនេះ គឺតាមគូកនឈ្មោះរ៉ាន់ ឈ្មោះសេង និងឈ្មោះវី ហើយថ្នាំញៀនទាំងនោះទិញពីឈ្មោះវ៉ាន់ សំអុល ហៅក្រងៀង ប្រពន្ធឈ្មោះណារី នៅភូមិចំការចេកខាងជើង ។
ចំណែកឈ្មោះសិទ្ធិ រ៉ាវី ផ្ទះនៅខាងត្បូងផ្សារចាស់ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក៏ជាអ្នកចែកចាយ និង ជក់ថ្នាំញៀនជាមួយខ្លួនដែរ ហើយការចែកចាយច្រើនធ្វើឡើងនៅម្ដុំកោះតៃវ៉ាន់ សង្កាត់ ព្រៃញី ដែលនៅទីនោះជាសម្បុកគ្រឿង ញៀនកន្លងមក ។
ដោយសារតែការខូចខ្លួន ចេះជក់ថ្នាំញៀនតាមមិត្ដភក្ដិនេះហើយ ទើបធ្វើឱ្យរូបគេចេះប្រព្រឹត្ដអំពើចោរកម្ម ដើម្បីយកលុយទិញថ្នាំញៀន ហ៊ានវាយអ្នកដទៃ ដោយគ្មានខ្លាចញញើត មិនតែប៉ុណ្ណោះទៅរំលោភមេជ្រូកធ្វើឱ្យមានកេរ្ដិ៍ឈ្មោះអសោច ថែមទៀត ដោយសារថ្នាំញៀនអូសទាញ ។
ដូច្នេះសូមមិត្ដភក្ដិបងប្អូនដែលមិនទាន់ធ្លាក់ ក្នុងអន្លង់គ្រឿងញៀនសូមដើរចេញឱ្យឆ្ងាយ កុំឱ្យជ្រុលខ្លួនដូចរូបគេ ។ នេះជាបំណងល្អ របស់ជនរំលោភមេជ្រូក មុនពេលរៀបចំខ្លួនចូលពន្ធនាគារ ៕