បាត់ដំបង៖ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការខេត្ត ពីបទកាប់គេឲ្យរបួសប្រព្រឹត្ត កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបង្កាំផ្អែមស្ថិតក្នុងភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ហើយត្រូវប៉ូលិសចាប់បញ្ជូនមកស្នងការខេត្ត។
លោកវរសេនីយ៍ទោ សុង សុភ័ក្រ អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុំ អូន ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិ ឃុំខាងលើ។ ជននេះ បានយកពូថៅកាប់លើប្អូនថ្លៃស្រីឈ្មោះ វ៉ែន ថនអាយុ៣២ឆ្នាំ នៅភូមិ ឃុំជាមួយគ្នាបណ្តាលអោយរបួសធ្ងន់។
លោកអធិការបានបញ្ជាក់ថា មូលហេតុនៃអំពើហិង្សានេះ គឺបណ្តាលមកពីជនសង្ស័យជាបងថ្លៃផឹកស្រាស្រវឹង ហើយនឹកឃើញរឿងគំនុំចាស់បាត់មាន់មួយក្បាល កាលពីឆ្នាំមុនដែលប្អូនប្រុសលួចមាន់របស់ជនសង្ស័យកាប់ស៊ី ហើយជនរងគ្រោះជាប្អូនថ្លៃស្រីជាអ្នកកាន់ជើងខាងប្អូនប្រុសក៏កើត រឿងនេះតែម្តង។ លោក ម៉េង លៀង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីជនសង្ស័យឆ្លើយសារភាពរួចមក សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ដើម្បីចាត់ការតាមច្បាប់៕