ខេត្តកំពត ៖សមត្ថកិច្ចព្រហ្មទណ្ឌបានសាកសួរ ដើម្បីកសាងសំណុំរឿងលើជនសង្ស័យម្នាក់តាមបណ្តឹងក្រោមបទសង្ស័យកំហែង យកដែលប្រព្រឹត្តឡើងក្នុងទឹកដីភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុក ឈូក បន្ទាប់ពីនគរបាលមូលដ្ឋានឃាត់ខ្លួនក្រោយធ្វើសកម្មភាពជាក់ស្តែងលើ ជនរងគ្រោះ។
ជនសង្ស័យឈ្មោះ ដូង ថុន ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃពាយឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង មកពីគណបក្សសង្គ្រោះជាតិ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកំពតបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៦បុរសម្នាក់ឈ្មោះព្រំសូវណ្ណនីអាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយជនសង្ស័យបានប្តឹងចូលសមត្ថកិច្ច មូលដ្ឋានថានាមុននេះមួយថ្ងៃគឺល្ងាចថ្ងៃទី២៣ឈ្មោះដូងថុនបាន ទៅដល់ផ្ទះរបស់ខ្លួនរួចបង្ខំឱ្យផ្តិតមេដៃ។ក្រោយផ្តិតរួចខ្លួនសួរ ដូងថុនពីគោលបំណងនៃការយកស្នាមមេដៃត្រូវឈ្មោះនោះប្រាប់ថាដើម្បី បញ្ជូនទៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ ដោយយល់ថា ជារឿងឆបោកដែលមិនបានប្រាប់មូលហេតុមុនទើបខ្លួនមិនអាចទទួលយកបាន ក៏សម្រេចប្តឹងចូលសមត្ថកិច្ច ដើម្បីអន្តរាគមន៍ករណីនេះ។
ផ្អែកតាមបណ្តឹងនេះ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យរួចបញ្ជូនមកកាន់ស្នងការដ្ឋានបន្តដំណើរការតាមនីតិវិធី។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថាតាមខ្លឹមសារ នៃបណ្តឹងគឺជនសង្ស័យបានប្រព្រឹត្តជាក់ស្តែងពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌក្នុងបទសង្ស័យកំហែង យកដែលមានចែងក្នុងច្បាប់។ ពេញមួយថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦នេះសមត្ថកិច្ចបាន និងកំពុងដំណើរការសាកសួរនៅឡើយ៕