ខេត្តព្រះសីហនុ ៖ នៅពេលយប់មានអ្នកដើរឆ្លុះកង្កែបបានឃើញ និងឮសំឡេងក្មេងយំដែរ តែមិនមានអ្នកណាហ៊ានទៅជួយឡើយ ព្រោះស្មានតែខ្មោចលង លុះព្រឹកឡើងនាំគ្នាទៅមើលម្តងទៀតក៏ភ្ញាក់ផ្អើលដោយឃើញក្មេងប្រុស ម្នាក់លង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសឈ្មោះ ថន សីហា អាយុ៤ឆ្នាំ ដែលបានស្លាប់នេះបានដើរតាមម្តាយដែលមានសតិមិនគ្រប់ ហើយត្រូវបានម្តាយដើរទៅមុនបាត់ បណ្ដាលឲ្យក្មេងប្រុសនោះវង្វេងកណ្ដាលវាលប្រឡាយតែម្នាក់ឯងតាំងពី ព្រឹករហូតដល់យប់ ហើយក៏បានលង់ទឹកប្រឡាយស្លាប់បាត់បង់ជីវិតទៅ ។
សូមបញ្ជាក់ថា គ្រួសារមួយនេះមានបងប្អូន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ហើយក្មេងប្រុសដែលស្លាប់នេះគឺជាកូនពៅ ដែលមានម្តាយជាមនុស្សសតិមិនគ្រប់ ចំណែកឪពុកបានទៅធ្វើការនៅខេត្តផ្សេងបាត់ទៅហើយ ។
ដោយមានការអាណិតអាសូរ អាជីវករផ្សារវាលរេញរួមជាមួយប្រជាពលរដ្ឋនៅក្នុងភូមិបានចូលជា ថវិកា២៤ម៉ឺនរៀល ហើយអាជ្ញាធរភូមិ-ឃុំ-ស្រុក និងសប្បុរសជនក៏បានជួយជាប្រាក់៧០ម៉ឺនរៀលបន្ថែមទៀតទុកសម្រាប់ ទុកសម្រាប់ធ្វើបុណ្យ និងចំណាយផ្សេងៗ ៕