រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន បានឲ្យដឹងថា តាមការគ្រោងទុកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ឧសភា ២០១៦ បងស្រីអ្នកចម្រៀង «ខេម» និងក្រុមគ្រួសារសពជនរងគ្រោះនឹងធ្វើការចរចាគ្នាអំពីសំណងដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ប៉ុន្តែត្រូវបានលើកពេលមិនទាន់កំណត់វិញ ដោយសារភាគីខាងបងស្រី «ខេម» អះអាងតាមទូរស័ព្ទប្រាប់បងប្រុសសពថាមានជំងឺ ។
គួររំឮកថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ឧសភា ២០១៦ នៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌប្ញស្សីកែវ បុរសម្នាក់ឈ្មោះ លីការីន អាយុ២៧ឆ្នាំ ជាបុគ្គលិកស្ថាប័នមីក្រូហិរញ្ញវត្ថុ MSI បានស្លាប់ភ្លាមៗនៅក្នុងរថយន្តម៉ាកស៊ីលីការបស់ខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយរថយន្តម៉ាក Range Rover ដែលគេឃើញអ្នកចម្រៀង «ខេម» និងស្រីម្នាក់នៅក្នុងនោះ ។
ក្រោយកើតមានឧបទ្ទវហេតុនេះ បងស្រីអ្នកច្រៀង «ខេម» ដែលសុំមិនបញ្ចេញឈ្មោះបានចេញមុខដោះស្រាយកាលពីថ្ងៃទី២៥ ឧសភា ដោយសងគ្រួសារជនរងគ្រោះចំនួន៤០០០ដុល្លារ ប៉ុន្តែបងប្រុសសពឈ្មោះ លី ម៉ាត់លី តំណាងក្រុមគ្រួសាររងគ្រោះបានទារសំណង២៥០០០ដុល្លារ ។ ដោយសារការចរចាមិនត្រូវគ្នា ទើបបងស្រី«ខេម» ណាត់ជួបចរចាបញ្ចប់រឿងនៅវេលាម៉ោង៩ព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែត្រូវបានលើកពេលមិនទាន់កំណត់វិញដោយសារបងស្រី«ខេម» អះអាងថាមានជំងឺ ៕