ស្ត្រី​៣​នាក់​ចាញ់បោក​ប្រុស​ព្រាន​តែ​ម្នាក់​

27-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ម្តាយមីង​និង​ក្មួយ​បាន​ចាញ់បោក​ប្រុស​ព្រាន​តែ​ម្នាក់ ពេល​ប្រទះឃើញ​ក៏​នាំគ្នា​ដេញចាប់ តែ​ប្រុស​ព្រាន​នោះបាន​រត់គេចខ្លួន​បាត់ បន្សល់ទុក​នារី​វ័យក្មេង​ម្នាក់ទៀត​ដែល​បម្រុង​នឹង​ចាញ់បោក​ប្រុស​ព្រាន នោះដែរ ។ ហេតុការណ៍​ដេញចាប់​ប្រុស​ព្រាន​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​៨​យប់ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​ខារ៉ាអូខេ​យីហោ​តន្ត្រី​បុប្ផា​ជាយក្រុង​ថ្មី ដែល​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ស្ត្រី​រងគ្រោះ​ទាំង​៣​នាក់​មិនបាន​ប្រាប់​អត្តសញ្ញាណ​ឡើយ គ្រាន់តែ​ដឹងថា ស្ត្រី​រងគ្រោះ​២​នាក់​ជា​ម្តាយមីង និង​ក្មួយ ចំណែក​នារី​រងគ្រោះ​ម្នាក់ទៀត​វ័យក្មេង​ទើបនឹង​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស ប៊ុ​ក ហើយក៏​ទើបនឹង​បាន​ជួបគ្នា​២-៣​ម៉ោង​មុន​កើតហេតុ​ប៉ុណ្ណោះ ។​
​ស្ត្រី​រងគ្រោះ​២​នាក់​ម្តាយមីង​និង​ក្មួយ​ស្រី​បាន​និយាយថា កាលពី​ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅនេះ ពួកគាត់​បានធ្វើការ​នៅក្នុង​ហាង​ខារ៉ាអូខេ​មួយកន្លែង​នៅ​ម្តុំ​ជ្រៃ​កោង ហើយ​បាន​ស្គាល់​ប្រុស​ព្រាន​ម្នាក់​ជា​ជន​ឆបោក​នោះ ដោយបាន​ចូលមក​ផឹកស៊ី​នៅ​ហាង​ដែល​គាត់​ធ្វើការ និង​បាន​ហៅ​ស្ត្រី​ជា​ក្មួយ​ដែលជា​ស្ត្រី​មេម៉ាយ​រយៈពេល​៣​ឆ្នាំ​មកហើយ​ទៅ អង្គុយ​តុ ជាមួយ ហើយ​និយាយ​សាងសង​លួង​សោម​សុំ​ស្នេហ៍ និង​សន្យាថា​នឹង​ចូល​ស្តីដណ្តឹង​ដល់​ឪពុក​-​ម្តាយ លុះដល់​ថ្ងៃបុណ្យ​សមុទ្រ​កាលពី​ចុងឆ្នាំ​២០១៥ ប្រុស​ព្រាន​ឆបោក​នេះ​បាន​បបួល​ក្មួយ​ស្រី​ទៅ​ដើរលេង​បុណ្យ​សមុទ្រ​នៅ កំពង់សោម ពេលនោះ​នាង​មិន​ហ៊ាន​ទៅ​តែម្នាក់ឯង​ក៏បាន​ហៅ​ម្តាយមីង ដែល​ធ្វើការ​ជាមួយគ្នា​ឲ្យ​ទៅជា​មួយ​ដែរ ។​

​ប្រភព​ដដែល​បន្តទៀត​ថា ខណៈពេលដែល​ចេញដំណើរ​ទៅ​បុណ្យ​សមុទ្រ​នោះ គឺ​ជិះ​រថយន្ត​១​គ្រឿង មាន​គ្នា​៦​នាក់​ក្នុងនោះ​ស្រី​២​នាក់​មីង​និង​ក្មួយ និង​ប្រុស​៤​នាក់ ដោយបាន​ទៅ​សម្រាក​នៅ​កំពង់សោម ហើយ​ជន​ឆបោក​ជា​អ្នក​ជួល​បន្ទប់​ផ្ទះសំណាក់​ឲ្យ​ស្នាក់នៅ ប៉ុន្តែ​មិនទាន់​ទាំង​បាន​ដើរលេង​សប្បាយ​ផង ស្រាប់តែ​ជន​ឆបោក​ដែល​អួតអាង​ថា ខ្លួន​ជា​អ្នករកស៊ី​លក់​ឈើ​បាន​ធ្វើជា​ទូរស័ព្ទ​ថា ម៉េច​ហើយ​ឈើ​របស់​យើង​មកដល់​ណា​ហើយ ឥឡូវ​ត្រូវ​មេព្រៃ​ចាប់​ហើយ បើ​អ៊ីចឹង​ត្រូវការ​លុយ​យកទៅ​លោះ​អស់​ប៉ុន្មាន រួចហើយ​ក៏បាន​ប្រើល្បិច​ខ្ចី​ចិញ្ចៀន ខ្សែក របស់​មីង​និង​ក្មួយ​ដែល​គិត​ជា​ប្រាក់​ចំនួន​៩៥០​ដុល្លារ​យកទៅ​បញ្ចាំ រយៈពេល​១​ម៉ោង​សិន​ដើម្បី​យកទៅ​លោះ​ឈើ បាន​ហើយនឹង​យកប្រាក់​មក​សង​ឲ្យ​វិញ ។ ប៉ុន្តែ​បន្ទាប់ពី​បាន​ខ្សែក​និង​ចិញ្ចៀន​រួចហើយ ជន​ឆបោក​បាន​គេចខ្លួនបាត់​រហូត តែ​ជនរងគ្រោះ​ទាំង​២​នាក់​មីង​និង​ក្មួយ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ ។​
​ជនរងគ្រោះ​បាន​បន្តទៀតថា បច្ចុប្បន្ន​ស្ត្រី​ជា​ក្មួយ​បាន​ទៅធ្វើ​ការ​ខារ៉ាអូខេ តន្ត្រី​បុប្ផា​ជាយក្រុង​ថ្មី ដោយ​ធ្វើជា​អ្នកចំរៀង ចំណែក​ម្តាយមីង​ឈប់​ធ្វើការ​ហើយ ។ ស្រាប់តែ​មុនពេល​កើតហេតុ​នៅ​យប់​ថ្ងៃទី​២៦ ខែឧសភា ស្ត្រី​រងគ្រោះ​កំពុងតែ​ច្រៀង​បាន​ក្រឡេកឃើញ​ជន​ឆបោក និង​បក្សពួក​ម្នាក់ទៀត ព្រមទាំង​មាន​ស្រី​ម្នាក់​ដែរ​កំពុងតែ​អង្គុយ​ផឹកស៊ី​នៅក្នុង​ហាង ក៏បាន​ទូរស័ព្ទ​ទៅ​ម្តាយមីង​ឲ្យ​មកជួយ​ចាប់​ជន​ឆបោក លុះ​ពេល​ម្តាយមីង​មកដល់​ដើម្បី​ចាប់​ជន​បោក តែ​ចាប់​អត់​បានទេ រត់គេចខ្លួន​បាត់ នៅសល់តែ​នារី​វ័យក្មេង​ម្នាក់​ក៏​នាំនៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដើម្បី សួរនាំ ទើប​នារី​រងគ្រោះ​រូប​នោះបាន​ប្រាប់ថា គាត់​អត់​ដឹងអី​ទេ ព្រោះ​អី​ពួកគេ​ទើបនឹង​ស្គាល់​ជន​ឆបោក​តាមរយៈ​ហ្វេ​ស​ប៊ុ​ក និង​ឆាត​រកគ្នា​ទៅវិញទៅមក ហើយ​រូបនាង​រស់នៅ​ឯកំ​ពង់​សោម​ឯណោះ ត្រូវបាន​ជន​ឆបោក​លួងលោម​ឲ្យ​មក​ភ្នំពេញ​ដើម្បី​បាន​ជួប​មុខ​គ្នា ហើយ​ជន​ឆបោក​ជា​អ្នក​ជួល​ផ្ទះសំណាក់​ឲ្យ​ស្នាក់នៅ ហើយ​រូបនាង​ទើបនឹង​មកដល់​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៦ ឧសភា​នេះ ក៏ត្រូវ​ជន​ឆបោក​នាំទៅរក​ផ្ទះសំណាក់ រួចហើយ​បាន​នាំទៅ​ផឹកស៊ី​នៅ​ហាង​ខាងលើ ក៏​មានរឿង​បែបនេះ​តែម្តង ។​

​បន្ទាប់ពី​សួរនាំ​រួចហើយ មីង​និង​ក្មួយ​ដែលជា​ជនរងគ្រោះ​មុនគេ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ រង់ចាំ​ឃើញ​នៅ​កន្លែង​ណា​ចាប់​កន្លែង​ហ្នឹង​តែម្តង ចំណែក​នារី​រងគ្រោះ​ដែល​ពាក់អាវ​ខ្មៅ​ដែល​បម្រុង​នឹង​ចាញ់បោក​ប្រុស​ព្រាន ដែរនោះ តែ​សំណាងល្អ​បែកការណ៍​ទាន់ ទាំង​នៅជាប់​នឹង​ខ្លួនប្រាណ​មាន​គ្រឿងអលង្កា​សរុប​ទាំងអស់​ជាង​១០០០ ដុល្លារ​មិនទាន់បាន​បាត់បង់​នៅឡើយ​ទេ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការណែនាំ​ថ្ងៃក្រោយ​កុំ​ឲ្យ​ឆាប់​ជឿ​គេ​ពេក រួចហើយ​អ្នក​ទាំង​៣​នាក់​បាន​បែកផ្លូវ​គ្នា​រៀងខ្លួន ៕

ចំនួនអ្នកទស្សនា

    20559757

  • ថ្ងៃនេះ2151
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2151
  • ខែនេះ117301
  • ឆ្នាំនេះ117301
  • សរុប20559757