ខេត្តកំពង់ស្ពឺ ៖ ស្នាមញញឹម និងសេចក្តីសប្បាយរីករាយរបស់ញាតិមិត្តបងប្អូនប្រុសស្រី ជាពិសេសកូនក្រមុំផ្ទាល់តែម្តង ដែលញញឹមសំពះផ្ទឹមជាមួយអនាគតស្វាមីក្រោមកិច្ចផ្ចុងផ្តើមពីមេ បាទាំងសងខាងតាមប្រពៃណីនោះ បានក្លាយទៅជាស្រពាប់ស្រពោនកើតទុក្ខធំរងំពេញផ្ទះពេញទ្រូង ដ្បិតកូនកំលោះត្រូវខ្សែភ្លើងឆក់ស្លាប់ក្រោយពីពិធីសំពះផ្ទឹម រួច ។
ហេតុការណ៍នេះកើតឡើងនៅភូមិគោកដង្កោ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២០ ឧសភា ២០១៦ វេលាម៉ោង២១និង៣០នាទី ។ កូនកំលោះដែលស្លាប់ទុកប្រពន្ធឱ្យនៅមេម៉ាយនេះឈ្មោះ នល និត្យ អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ ។ ចំណែកនាងជាប្រពន្ធឈ្មោះធូ គន្ធា អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ជាការកត់សម្គាល់ហាក់ដូចជាជាន់លេខគ្នាមិនគួរឱ្យជឿ ដែលកូនកំលោះ-កូនក្រមុំ មានអាយុ២០ឆ្នាំដូចគ្នា ហើយរៀបការនៅថ្ងៃទី២០ទៀត បែរជាជួបរឿងរ៉ាវអកុសលបែបនេះទៅវិញ ។
តាមការរៀបរាប់របស់នាង ធូ គន្ធា បានឱ្យអ្នកយកព័ត៌មាន«កោះសន្តិភាព»ដឹងថា រវាងរូបនាង និងស្វាមីបានស្គាល់គ្នា៣ឆ្នាំ មកហើយ ហើយស្វាមីរូបនេះស្លូតបូត មិនចេះជក់បារី និងផឹកស្រានោះទេ រហូតដល់ចាស់ទុំទាំងសងខាង បានព្រមព្រៀងរៀបចំផ្សំផ្គុំរូបនាង និងស្វាមី ។ ថ្ងៃនេះគឺជាថ្ងៃដែលនាងរំពឹងគិតទុក និងរង់ចាំជាយូរមកហើយ នឹកថា នឹងបានកសាងអនាគតជាមួយគ្នារហូតដល់ចាស់ស្លាប់រៀងៗខ្លួន តែមិននឹកស្មានថា ថ្ងៃជ័យមង្គលរបស់នាងក្លាយទៅជាថ្ងៃទុក្ខសោកដ៏ធំបែបនេះសោះ ។
នាង ធូ គន្ធា រៀបរាប់ទាំងទឹកភ្នែកថា ក្រោយពិធីសែនព្រេនបានចប់រួចរាល់ ប្តីរបស់នាងបានចុះពីលើផ្ទះដើរសំដៅទៅកាន់រោងផ្កាស្លាក្នុង គោលបំណងរុះរោង តែមិនទាន់ទាំងបានរុះរោងផងក៏ត្រូវខ្សែភ្លើងឆក់បណ្តាលឱ្យ ប្រកាច់នៅទីនោះតែម្តង ។ ខណៈឃើញដូច្នោះ ឪពុកម្តាយ បងប្អូនបាននាំគ្នាដឹកតាមរថយន្តយកទៅមន្ទីរពេទ្យថ្នល់ទទឹងទាំង យប់ដើម្បីសង្គ្រោះ ។ ពេលទៅដល់មន្ទីរពេទ្យ ត្រូវពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏នាំគ្នាដឹកសពត្រឡប់មកផ្ទះវិញទាំងយប់ ។
លោក អ៊ុំ ណៃ អាយុ៣៨ឆ្នាំ ត្រូវជាឪពុកកូនកំលោះបានរៀបរាប់ថា ក្នុងយប់កើតហេតុរូបគាត់ និងកូន ព្រមទាំងប្រពន្ធបាននាំគ្នាចុះពីផ្ទះដន្លង ដើម្បីរុះរោងផ្កាស្លា តែជាអកុសលកូនប្រុសរបស់គាត់បានប៉ះនឹងកន្ទុយខ្សែភ្លើងបណ្តាលឱ្យ ឆក់ប្រកាច់ដួលទៅលើដីនៅទីនោះតែម្តង ។ ភ្លាមៗនោះ ក៏មានបងប្អូនរត់ទៅដកព្រីភ្លើងចេញដែរ តែនៅតែយឺតពេលមិនអាចសង្គ្រោះបាន ។
ចំណែកឯខាងឪពុកម្តាយកូនក្រមុំគឺលោកជុំ ធី និងអ្នកស្រី ហ៊ីង ឆុំ ក៏បានលើកឡើងទាំងយំសោកថា ក្នុងនាមជាឪពុកម្តាយមិនចង់ឱ្យកូនក្លាយជាស្រីមេម៉ាយទាំងនៅ ក្មេងល្ហក់បែបនេះទេ បើអាចប្តូរបាន ពួកគាត់សុខចិត្តស្លាប់ជំនួស ដើម្បីឱ្យកូនៗរស់នៅកសាងសុភមង្គលជាមួយគ្នា ។
មជ្ឈដ្ឋានបងប្អូនប្រជាពលរដ្ឋរស់នៅភូមិជាមួយគ្នាបានលើកឡើងថា បើនិយាយពីអាយុ និងថ្ងៃ ខែ រៀបការ អ្នកទាំងពីរគឺសុទ្ធតែគត់ឆ្នាំដូចគ្នា កូនកំលោះអាយុ២០ឆ្នាំ កូនក្រមុំអាយុ២០ឆ្នាំ ហើយរៀបការចំថ្ងៃទី២០ទៀត ដែលអាចនិយាយបានថា ចំថ្ងៃខែដែលមិនល្អ ។ បើទោះជាមានការលើកឡើងបែបនេះក្តី ក៏បងប្អូនខាងកូនក្រមុំអះអាងថា រឿងនេះគឺជាគ្រោះថ្នាក់ជាយថាហេតុ គ្មានអ្នកណាចង់ជួបប្រទះនោះទេ ហើយរឿងនេះបើខាងជាងតភ្លើងយកកន្ទុយខ្សែដាក់ឱ្យបានត្រឹមត្រូវ កូនកំលោះក៏មិនជួបរឿងអាក្រក់បែបនេះដែរ កន្ទុយខ្សែភ្លើងស្រាតមិនមានបិទស្កុតនោះទេគឺទុកចោល ។
លោកអធិការប៉ូលីសស្រុកគងពិសី និងមន្ត្រីជំនាញបច្ចេកទេសដែលចុះទៅពិនិត្យសពបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន និងបានរៀបចំធ្វើបុណ្យសពតាមប្រពៃណី ៕