ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោក ផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត សហការជាមួយអាជ្ញាធរដែនដីក្រុងបាវិត បានចុះធ្វើការបង្ក្រាបទីតាំងពេទ្យធ្មេញ-ដាក់ធ្ញេញខុសច្បាប់៦ កន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់បាវិត សង្កាត់ច្រកម្ទេស និងសង្កាត់ព្រៃអង្គុញ ផ្សារជីភូ ដោយរឹបអូសវត្ថុតាងឧបករណ៍ សម្ភារសម្រាប់ធ្វើធ្មេញមួយចំនួន និងឲ្យម្ចាស់ទីតាំងបិទការប្រកបអាជីវកម្មដាក់ធ្មេញ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយនាំគ្នានិយាយខ្សិបខ្សៀវថា អ្នកដាក់ធ្មេញទាំងនេះបើកកន្លែងដាក់ធ្មេញធ្វើធ្មេញរាប់សិបឆ្នាំ មកហើយទើបតែដឹងថាអត់ច្បាប់ ។
បើតាមសមត្ថកិច្ចបានអោយដឹងថា ការចុះបង្ក្រាបទីតាំងប្រកបរបរធ្វើធ្មេញ-ដាក់ធ្មេញបានចំនួន៦ កន្លែង រឹបអូសវត្ថុតាងឧបករណ៍ និងសម្ភារធ្វើធ្មេញ និងឲ្យម្ចាស់ផ្ទះបញ្ឈប់បើកមុខរបរធ្វើធ្មេញ-ដាក់ធ្មេញនេះទៀត ។ ប្រភពដដែលបានបន្តទៀតថា ការចុះបង្ក្រាបនេះមិនមែនធ្វើតែនៅក្រុងបាវិតនោះទេ និងបន្តធ្វើនៅតាមបណ្តាស្រុក-ក្រុងមួយចំនួនទៀតនៃខេត្តស្វាយរៀង ដើម្បីលើកកំពស់វិស័យសុខាភិបាល ក្នុងការលុបបំបាត់ការធ្វើធ្មេញ-ដាក់ធ្វេញដោយគ្មានច្បាប់ អនុញ្ញាតត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយបើអ្នកបើកធ្វើធ្មេញទាំងនោះមិនបានចូលសាលារៀនពេទ្យធ្មេញ គ្រាន់តែរៀនតៗគ្នានោះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។
ប្រជាពលរដ្នបានឲ្យដឹងថា នៅតាមបណ្តាស្រុក-ក្រុងមួយចំនួនក្នុងខេត្តស្វាយរៀង មានគ្លីនិកបើករីកដូចផ្សិត និងគ្រូពេទ្យអត់សញ្ញាបត្រដើរចាក់ថ្នាំតាមភូមិមិនដឹងថាមានច្បាប់ ឬគ្មានច្បាប់នោះទេ រាប់សិបឆ្នាំហើយមិនដែលមានចំណាត់ការបង្ក្រាបពីស្ថាប័នមាន សមត្ថកិច្ចឡើយ ។
ប្រជាពលរដ្ឋក៏បានសំណូមពរសូមឲ្យមន្ទីរសុខាភិបាលខេត្តបន្តចុះទៅ ពិនិត្យកន្លែងបើកលក់ថ្នាំពេទ្យ ដើរចាក់ថ្នាំនៅតាមជនបទផង កុំចាំដល់មានការចាក់ថ្នាំគ្រោះថ្នាក់ ឬស្លាប់ទើបនាំគ្នាចុះមើលនោះ គឺហួសពេលហើយ ៕