ព្រហ្ម​លិខិត​មិន​ប្រណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​គ្រួសារ​៤​នាក់​ស្លាប់​ទាំងអស់​

28-May-2016 | ដោយ មែន កំសត់


​ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៤​នាក់ (​ឪពុក​-​ម្តាយ និង​កូន​) ស្លាប់​យ៉ាង​អា​ណោម​អាធ័ម​បំផុត បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កៀរ​ម៉ូតូ​ឱ្យ​ដួល ហើយ​ត្រូវ​រថយន្ត​ផ្សេងទៀត​មកពី​ក្រោយ​កិន​ពីលើ​តែម្តង ។​
​មហា​សោកនាដកម្ម​ដ៏​គួរឱ្យ​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៥៥​នាទី​យប់​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល​ភ្លើង​៣៨២-៣៨៣ ក្នុងភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​ខាងលើ បុរស​ជា​ប្តី​ឈ្មោះ​នៅ សុ​ភី អាយុ​៣៨​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ឆេង  ស៊ី​ណៃ អាយុ​៣១​ឆ្នាំ និង​កូន​២​នាក់ ម្នាក់​ឈ្មោះ​នៅ ស៊ី​និ​ច ភេទ​ស្រី អាយុ​៦​ឆ្នាំ និង​កូនប្រុស​អាយុ​នៅ​ស៊ី​និល អាយុ​៤​ឆ្នាំ ។ គ្រួសារ​នេះ មាន​ស្រុកកំណើត​នៅឯ​ខេត្តកំពង់ធំ ។ បច្ចុប្បន្ន មក​រស់នៅ​ភូមិ​បឹងបេង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ គ្រួសារ​នេះ មាន​សមាជិក​ចំនួន​៦​នាក់ បច្ចុប្បន្ន​នៅសល់​កូនប្រុស​២​នាក់ ម្នាក់​អាយុ​ជាង​១០​ឆ្នាំ និង​ម្នាក់ទៀត អាយុ​១០​ឆ្នាំ ។​

​បើតាម​ការត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ គឺ​ត្រូវ​រថយន្ត​កៀរ​ម៉ូតូ​ឱ្យ​ដួល​មនុ​ស្សទាំង​៤​នាក់​ខ្ទាត​ទៅលើ​ទ្រូង ថ្នល់ ស្របពេលនោះ រថយន្ត​មកពី​ក្រោយ បាន​បើក​កិន​ពីលើ បណ្តាលឱ្យ​ស្លាប់​រដូករ​ណែ​ល​ក្នុង​ថ្លុកឈាម ។​

​បើតាម​សម្តី​បងស្រី​ស្ត្រី​ដែល​ស្លាប់​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ឈ្លោះប្រកែក រហូត​ដាក់ពាក្យ​លែងលះគ្នា និង​ចែក​កូន​គ្នា​នៅផ្ទះ​មេភូមិ តែ​ប្រហែលជា​ត្រូវ​ប្រធានភូមិ គាត់​បាន​សម្របសម្រួល​ឱ្យ​ត្រូវរ៉ូវ​គ្នា ទើប​ពួកគេ​បាន​ឌុប​គ្នា​ក្នុង​គោលបំណង​ទៅលេង​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ ដោយ​នាំ​កូន​មកជា​មួយ​២​នាក់ ក៏ត្រូវ​ជួប​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ទៅពិនិត្យ​មើល​សព​ទាំង​៤​នាក់ ពួកគាត់​មាន​សេចក្តី​សង្វេគ​យ៉ាង​ក្រៃលែង ដោយ​ពួកគាត់​បាន​លាន់មាត់​ថា អ្នក​ស្លាប់ទៅ គេ​រួចផុត​ចាក​ទុក្ខ ចុះ​កូនៗ​ចំនួន​២​នាក់ ដែល​រស់នៅ តើ​ពួកគេ​ទៅ​រំពឹង​នរណា បើ​ឪពុក​យក​-​ម្តាយ​និង​ប្អូនៗ​របស់​ពួកគេ​បាន​ស្លាប់ចោល​អស់​ទៅហើយ នោះ ។​

ចំនួនអ្នកទស្សនា

    20558837

  • ថ្ងៃនេះ1231
  • ម្សិលមិញ14181
  • សប្តាហ៍នេះ1231
  • ខែនេះ116381
  • ឆ្នាំនេះ116381
  • សរុប20558837