អ្នកភូមិ​ក្រខ្សត់​នាំគ្នា​ទៅធ្វើ​ខ្ទម​ចាំចម្ការ​កណ្តាល​ព្រៃ មន្ត្រី​ដុតបំផ្លាញ​ចោល​

29-May-2016 | ដោយ មែន កំសត់


​ខេត្ដ​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡៅ​កា បាន​ចោទថា មាន​មន្ត្រី​បរិស្ថាន​មួយក្រុម​ចុះទៅ​ដុតបំផ្លាញ​ផ្ទះ​របស់​ពួកគាត់ សម្រាប់​ចាំ​ដីស្រែ​ចម្ការ និង​បាន​បំផ្លាញ​សម្ភារ​ប្រើប្រាស់​អស់​ជាច្រើន រួមទាំង​ស្រូវពូជ​ផងដែរ ។ ករណីនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២៦ ខែឧសភា នៅ​ចំណុច​ស្រែ​រ៉ាវ​ជ្រឹង ក្នុងភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។​

​មេភូមិ​ឡៅ​កា លោក ខ្លើ​ម មើល បាន​និយាយប្រាប់ ថា គឺ​ខាង​បរិស្ថាន​ជា​អ្នក​ដុត ខ្ញុំ​ស្អប់​ណាស់ ហេតុ​អី្វ​ពេល​ប្រជាជន​ចូលទៅ​ធ្វើ​មុនៗ​មិន​ប្រាប់ថា ដី​នឹងធ្វើ​មិន​បានទេ តែ​នៅពេល​គ្នា​ដាំ​ស្រូវ ដាំ​អី​...​ដុះ​ចេញ​ផ្លែផ្កា​ហើយ​បាន​ទៅ​ដុត​ផ្ទះ និង​វាយកម្ទេច​របស់របរ​អស់ ។​
​លោក​ប្រធានភូមិ​បាន​និយាយ​ទាំង​ក្រហមមុខ​បន្តថា «​ពេលនេះ​អ្នកភូមិ​កំពុង​នាំគ្នា​ផ្តិតមេដៃ​ស្នើ​អន្តរាគមន៍​ពីស​ម្តេច តេ​ជោ​និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ជួយ​ចាត់វិធានការ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់​វិញ ព្រោះ​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​ធ្វើស្រែ​នៅ​ចំណុច​ខាងលើ សុទ្ធតែ​អ្នកមាន​ជីវភាព​ក្រខ្សត់ ទើប​សុខចិត្ត​លំបាក​ចូលទៅ​ធ្វើស្រែ​ដល់ទី​នោះ​...» ។​

​ពលរដ្ឋ​ដែល​រង​នូវ​ការដុត​បំផ្លាញ​ផ្ទះ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ខេត្ត​នេះ​មាន ១-​ឈ្មោះ ញឹក ខ្វើក អាយុ​៣៧​ឆ្នាំ មានកូន​ក្នុងបន្ទុក​ចំនួន​៥​នាក់ ២-​ឈ្មោះ ញឹក ណើ​ន មានកូន​ក្នុងបន្ទុក​ចំនួន​៧​នាក់ ៣-​ឈ្មោះ សុភឿន បឹង មានកូន​ក្នុងបន្ទុក​ចំនួន​៥​នាក់ ៤-​ឈ្មោះ ញឹ​ង មឿ​ន មានកូន​ក្នុងបន្ទុក​ចំនួន​៦​នាក់ ៥-​ឈ្មោះ សុភឿន គ្រើន មានកូន​ក្នុងបន្ទុក​ចំនួន​៨​នាក់ ៦-​ឈ្មោះ​ញឹក ណើ​ម និង​៧-​គឺជា​ផ្ទះ​លោក​មេភូមិ ខ្លើ​ម មើល​។​
​ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ​បាន​ឲ្យ​ដឹងថា ដី​ដែល​បានធ្វើ​ស្រែ​និង​សាងសង់​ផ្ទះ​នោះ​ជា​ដីព្រៃ​ចាស់​រេចរឹល ទើប​ពួកគាត់​នាំគ្នា​ទៅធ្វើ​បាន​ពីរ​បី​ឆ្នាំ​មកហើយ មិនដែល​មាន​នរណា​ទៅ​រំខាន​ឬ​ធ្វើបាប​ពួកគាត់​ឡើយ ។ ស្រាប់តែ​នៅ​ថ្ងៃទី​២៦ ខែឧសភា មាន​មន្ត្រី​បរិស្ថាន​ខេត្ត​៥​ទៅ​៨​នាក់ ចូលទៅ​ដុតបំផ្លាញ​ផ្ទះ​និង​សម្ភារ​របស់​ពួកគាត់​ចោល​តែម្ដង សាហាវ​ណាស់ ។​

​ប្រជាពលរដ្ឋ​បន្តថា កន្លងមក​ដី​កន្លែង​នេះ មាន​រថយន្ត​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ តែ​មិនដែល​ឃើញ​មាន​មន្ត្រី​បរិស្ថាន​ចាប់​បង្ក្រាប​ទេ ឃើញតែ​ទៅ​ឈរ​ចាំ​យកលុយ​ប៉ុណ្ណោះ ហើយ​ករណីនេះ វា​អយុត្តិធម៌​សម្រាប់​ពួកគាត់​ណាស់​។ អ្នកភូមិ​ក៏បាន​សំណូមពរ​ដល់ ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​ដោះស្រាយ​រឿងនេះ​ដល់​ពួកគាត់​ផង ដើម្បី​មាន​ដី​ធ្វើស្រែ​ចិញ្ចឹមជីវិត ។​

​គួរ​កត់សម្គាល់ថា ម្នាក់ៗ​កូន​មួយ​កន្ទេល​បែបនេះ ប្រាកដជា​ក្រ​មែនហើយ ម្ចាស់​ថ្លៃ​អើយ ..... ចំណែក​ខាង​មន្ត្រី​បរិស្ថាន​ខេត្ត នៅ​រសៀល​ថ្ងៃទី​២៧ ខែឧសភា អ្នកយកព័ត៌មាន​នៅ​មិនទាន់​អាច​សុំ​ការបំភ្លឺ​បានទេ ៕

ចំនួនអ្នកទស្សនា

    21290677

  • ថ្ងៃនេះ3781
  • ម្សិលមិញ4681
  • សប្តាហ៍នេះ20331
  • ខែនេះ63591
  • ឆ្នាំនេះ848221
  • សរុប21290677